ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ថា អង្គការអន្តរជាតិ សម្រាប់ជនអន្តោប្រវេសន៍ (IOM) បានឲ្យដឹង កាលពីថ្ងៃចន្ទថា ជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន៣១នាក់ ត្រូវបានជួយសង្រ្គោះ ដោយក្រុមឆ្មាំសមុទ្រ នៅក្នុងប្រទេសលីប៊ី ។
អង្គការអន្តរជាតិមួយនេះ បានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា “បុគ្គលិករបស់ IOM ប្រចាំ នៅទ្រីប៉ូលី បានផ្តល់ជំនួយបន្ទាន់ ដល់ជនអន្តោប្រវេសន៍ខុសច្បាប់ ដោយនាំពួកគេមកកាន់ឆ្នេរសមុទ្រវិញ ដោយក្រុមឆ្មាំសមុទ្រ” ។
អង្គការដដែលនេះបានឲ្យដឹងទៀតថា “ជនអន្តោប្រវេសន៍ជាង៧.០០០នាក់បានត្រូវជួយ និងនាំខ្លួនឲ្យវិលមកកាន់ទឹកដីគោកលីប៊ីវិញនៅក្នុងឆ្នាំនេះ ។ ភាគច្រើននៃពួកគេ ជាអ្នកដែលបំពាន នឹងផ្លូវច្បាប់ ” ។
លីប៊ី ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសអសន្តិសុខ និងមានភាពច្របូកច្របល់ ចាប់តាំងពីឆ្នាំ២០១១ ដែលធ្វើឲ្យប្រទេស ស្ថិតនៅអាហ្វ្រិកខាងជើងមួយនេះ ជាចំណុចក្តៅ នៃការចាកចេញរបស់ជនអន្តោប្រវេសន៍ ខុសច្បាប់រាប់ពាន់នាក់ ដែលឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ឆ្ពោះទៅកាន់តំបន់អឺរ៉ុប ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា