ព័ត៌មានអន្តរជាតិ

ករណីលិចទូក នៅប៉ាគីស្ថាន បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត ១១នាក់

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ថា មានទូកចំនួន១គ្រឿងបានលិចចូលក្នុងបឹងមួយដែលស្ថិតនៅខេត្ត Sindh ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន កាលពីល្ងាចថ្ងៃចន្ទ បណ្តាលឲ្យស្លាប់ មនុស្សតិចបំផុត១១នាក់ ។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្ស១៣នាក់ក្នុង១គ្រួសារបានជួលទូកមួយគ្រឿងដើម្បីជិះនៅឯបឹង Keenjhar ក្នុងស្រុក Thatta នៅខេត្ត Sindh ប៉ុន្តែដោយសារទូកមិនមានលំនឹង និងបានក្រឡាប់លិចចូលក្នុងទឹកជ្រៅ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា “ម្ចាស់ទូកមិនមានពោងសុវត្ថិភាពនោះទេដែលអាចជួយដល់ក្រុមជនរងគ្រោះ ដែលពួកគេបានធ្លាក់ចូលក្នុង ទឹកយ៉ាងជ្រៅ” ។ សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា អ្នកគ្រប់គ្រងលើទូកបានជួយសង្គ្រោះ មនុស្ស២នាក់ ប៉ុន្តែ១១នាក់ផ្សេងទៀតបានលង់ទឹក ។

ក្រុមជួយសង្គ្រោះបានចុះជួយបន្ទាន់ តាមរយៈការហៅទូរស័ព្ទចូល ប៉ុន្តែនៅគ្រាដែលពួកគេទៅដល់កន្លែងកើតហេតុ វាហួសពេលទៅហើយ ដើម្បីជួយស្រោចស្រង់អាយុជីវិតអ្នកដែលបានលង់ទឹកទំាងនោះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top