បរទេស៖ ក្រសួងការបរទេសវៀតណាម បានអំពាវនាវ ឱ្យប្រទេសម៉ាឡេស៊ី ស៊ើបអង្កេតទៅលើការសម្លាប់អ្នកនេសាទជនជាតិវៀតណាមម្នាក់ ដោយឆ្មាំសមុទ្រ របស់ម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងលោកស្រី Le Thi Thu Hang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថា អ្នកនេសាទដែលមិនទាន់ស្គាល់ អត្តសញ្ញាណ បានស្លាប់ដោយសាររបួសដោយគ្រាប់កាំភ្លើង បន្ទាប់ពីការប្រឈមមុខ ដាក់គ្នារវាងឆ្មាំឆ្នេរសមុទ្រម៉ាឡេស៊ី និងអ្នកនៅលើទូកនេសាទវៀតណាមពីរនាក់ នៅភាគឦសាន នៃរដ្ឋ Kelantan កាលពីថ្ងៃអាទិត្យ។
លោកស្រី Le Thi Thu Hang បាននិយាយថា ទូកនេសាទនិងអ្នកនេសាទវៀតណាមដែលនៅសេសសល់ ត្រូវបានអាជ្ញាធរម៉ាឡេស៊ី រឹបអូស ដោយបានចោទប្រកាន់ពួកគេពីបទនេសាទខុសច្បាប់នៅក្នុងដែនទឹកម៉ាឡេស៊ី។
ទីភ្នាក់ងារពង្រឹងដែនសមុទ្រម៉ាឡេស៊ីបាននិយាយថា អ្នកនេសាទ ១៨ នាក់ត្រូវបានចាប់យក។
ការិយាល័យកុងស៊ុលនៃក្រសួងការបរទេស ដែលមានទំនាក់ទំនង ជាមួយស្ថានទូតម៉ាឡេស៊ីប្រចាំនៅទីក្រុងហាណូយបានសម្តែងការព្រួយបារម្ភយ៉ាង ខ្លាំងចំពោះឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរនេះ ហើយបានស្នើសុំឱ្យអាជ្ញាធរ ម៉ាឡេស៊ីបើកការស៊ើបអង្កេត និងចាត់វិធានការចំពោះអ្នកដែលទទួលខុសត្រូវចំពោះការសម្លាប់អ្នកនេសាទ និងធ្វើបាបអ្នកនេសាទវៀតណាមយ៉ាងសាហាវ៕ប្រែសម្រួលៈ ណៃ តុលា