បរទេស៖ និស្សិតសាលាប្រមាណ ៥០០ នាក់ កាលពីថ្ងៃពុធ ទី១៩សីហា បាននាំគ្នាធ្វើបាតុកម្មនៅក្រសួងអប់រំ ទាមទារឱ្យមានកែប្រែរដ្ឋធម្មនុញ្ញ, រំលាយសភា និងបញ្ឈប់ការយាយីពីរដ្ឋាភិបាល ទៅលើសកម្មជនជានិស្សិត។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមបាតុករដែលហៅខ្លួនឯងថា“ និស្សិតមិនល្អ” បានប្រមូលផ្តុំគ្នា នៅខាងក្រៅក្រសួងនៅម៉ោង ៤រសៀល ថ្ងៃពុធ ដែលពួកគេបានទាមទារ ឱ្យរដ្ឋមន្ត្រីក្រសួងអប់រំលោក Nataphol Teepsuwan ចេញមកស្តាប់ការទាមទាររបស់ពួកគេ។
លោក Laponpat Wangpaisit អាយុ ១៨ ឆ្នាំជាប្រធានក្រុមបាតុករ បាននិយាយថា “ ប្រសិនបើរដ្ឋមន្រ្តី មិនអាចធ្វើឱ្យការទាមទាររបស់យើង ឱ្យវាកើតឡើងទេ គាត់គួរតែលាលែងពីតំណែង” ។
មេដឹកនាំនិស្សិតរូបនេះ ក៏បានធ្វើសុន្ទរកថាមួយ ដោយអំពាវនាវ ឱ្យក្រសួងលុបចោលការកាត់សក់ និងបទបញ្ញត្តិឯកសណ្ឋាន ក៏ដូចជាការប្រជុំ នៅពេលព្រឹកនៅមុខទង់ជាតិ ដែលរំលោភសិទ្ធិមនុស្សរបស់សិស្ស៕ ប្រែសម្រួលៈ ណៃ តុលា