បរទេស៖ មេបញ្ជាការកងទ័ព លោកឧត្តមសេនីយ៍ Apirat Kongsompong កាលពីថ្ងៃពុធបានទទូចថា លោកគាំទ្រការអំពាវនាវ ឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយនិយាយថា លោកបានចែករំលែក ទស្សនៈស្រដៀងគ្នានេះ ជាមួយលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ដែលបានបើកភ្លើងខៀវ ចំពោះសំណើនេះ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើង របស់ឧត្តមសេនីយ៍ Apirat ថា “ ខ្ញុំមិនជំទាស់នឹងការសរសេរឡើងវិញ នូវធម្មនុញ្ញទេ ពីព្រោះនោះ គឺជាយន្តការនយោបាយធម្មតា ដែលសភាតំណាងរាស្ត្រនឹងត្រូវស្នើឡើង ហើយនាយករដ្ឋមន្រ្តីរីករាយ ដែលអនុញ្ញាតឱ្យ ដំណើរការនីតិប្បញ្ញត្តិនេះកើតឡើង” ។
លោកបានឆ្លើយតប ទៅនឹងសំណួរអំពីជំហររបស់លោក ចំពោះការសរសេរឡើងវិញធម្មនុញ្ញ នៅពេលដែលលោក បាននិយាយទៅគណៈកម្មាធិការវាយតម្លៃសភា ទៅលើច្បាប់ថវិកាឆ្នាំ 2021 ។
លោកឧត្តមសេនីយ៍ Apirat កំពុងការពារថវិកាចំនួន ១០៧,៦ ពាន់លានបាត ដែលត្រូវបានទុក សម្រាប់ក្រសួងការពារជាតិ នៅពេលដែលលោកត្រូវបានសួរ ដោយលោកវរសេនីយ៍ឯក Thawee Sodsong អគ្គលេខាធិការ នៃគណបក្សប្រឆាំងPrachachat អំពីការសរសេរឡើងវិញ នូវធម្មនុញ្ញនេះ។
មេបញ្ជាការកងទ័ពរូបនេះ បាននិយាយថា លោកបានពិភាក្សាបញ្ហានេះ ជាមួយអ្នកក្រោមបង្គាប់ ហើយបានប្រាប់ពួកគេថា វាជាការសំខាន់ណាស់ ដែលមនុស្សគ្រប់រូប ត្រូវតែប្រកាន់យកនូវវិធីសាស្រ្តថ្មីមួយ ចំពោះនយោបាយ និងប្រជាធិបតេយ្យ៕ ប្រែសម្រួលៈ ណៃ តុលា