បរទេស៖នាយករដ្ឋមន្ត្រីរបស់ប្រទេសអូស្ត្រាលី លោក Scott Morrison នៅថ្ងៃពុធនេះ បាននិយាយថា ប្រទេសអូស្ត្រាលី នាពេលថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុនឱសថ AstraZeneca ដើម្បីផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ ដល់ពលរដ្ឋទាំងអស់ដោយមិនគិតថ្លៃ។
ក្រោយកិច្ចព្រមព្រៀងនោះ ក្រុមហ៊ុនឱសថមានមូលដ្ឋាននៅប្រទេសអង់គ្លេសនេះ នឹងផ្តល់ឲ្យគ្រប់គ្រាន់នូវថ្នាំវ៉ាក់សាំង ដែលខ្លួនផលិតជាមួយសាកលវិទ្យាល័យ Oxford University ដល់ពលរដ្ឋអូស្ត្រាលីគ្រប់រូប ប្រសិនបើវាបង្ហាញឲ្យឃើញនូវភាពជោគជ័យ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីបានមានប្រសាសន៍ថា “ថ្នាំវ៉ាក់សាំង Oxford គឺជាឱសថមួយក្នុងចំណោមឱសថដ៏ទំនើបនិងគួរឲ្យទុកចិត្តបានបំផុតនៅក្នុងពិភពលោក ហើយក្រោមកិច្ចព្រមព្រៀងនេះ យើងបានធានាផ្តល់ឲ្យពលរដ្ឋអូស្ត្រាលីទាំងអស់មុនគេ។ ប្រសិនបើថ្នាំវ៉ាក់សាំងបញ្ជាក់ថាជោគជ័យ យើងនឹងផលិតនិងផ្គត់ផ្គង់ដោយផ្ទាល់នូវថ្នាំវ៉ាក់សាំង ក្រោមចរន្តខ្លួនឯងផ្ទាល់របស់យើង ហើយឥតមានការគិតថ្លៃដល់ពលរដ្ឋអូស្ត្រាលី២៥លាននាក់”៕ ប្រែសម្រួល៖ប៉ាង កុង