ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បិទផ្លូវដឹកជញ្ជូន ជាមួយចិន

បរទេស៖អង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ បានបិទផ្លូវដឹកជញ្ជូនទំនិញ រវាងកំពង់ផែ Dalian ប្រទេសចិន និងកំពង់ផែ Nampo របស់ប្រទេសកូរ៉េខាងជើង។

យោងតាមការចេញផ្សាយរបស់កាសែត នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ផ្លូវសមុទ្រ ដែលប្រើប្រាស់ដោយអង្គការ UNICEF និងទីភ្នាក់ងារអន្តរជាតិផ្សេងទៀត សម្រាប់ដឹកជញ្ជូនទំនិញសំខាន់ៗទៅកាន់ប្រទេសកូរ៉េខាងជើង ទើបត្រូវបានបិទជាបណ្ដោះអាសន្ន បន្ទាប់ពីមានការទំនាក់ទំនងជាផ្លូវការ ពីទីក្រុងព្យុងយ៉ាង។ 

គួរបញ្ជាក់ថា នៅចុងខែកក្កដា អង្គការ UNICEF បានជួបគ្នាជាមួយមន្ត្រីសុខាភិបាលសាធារណៈរបស់ប្រទេសកូរ៉េខាងជើង ដើម្បីពិភាក្សាគ្នាអំពីសង្វាក់ផ្គត់ផ្គង់ នេះបើតាមការនិយាយរបស់អង្គការ UNICEF នៅក្នុងរបាយការណ៍អំពីស្ថានភាពលេខ១១ ស្តីពីជម្ងឺកូវីដ១៩ និងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងកើត ដែលចេញក្នុងសប្ដាហ៍នេះ៕ ប្រែសម្រួល៖ប៉ាង កុង 

To Top