ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អាមេរិក ព្រមានចិន និងរុស្ស៊ី មិនឲ្យព្រងើយ ចំពោះវិធានការ ដាក់ទណ្ឌកម្មយូអិន ជាថ្មីលើអ៊ីរ៉ង់

បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានព្រមានប្រទេសរុស្ស៊ី និងប្រទេសចិន មិនឲ្យមិនយកចិត្តទុកដាក់ ចំពោះការដាក់ជាថ្មី នូវទណ្ឌកម្មទាំងអស់ របស់អង្គការសហប្រជាជាតិ លើប្រទេសអ៊ីរ៉ង់ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានណែនាំ លោកឲ្យលើកឡើង នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក នាថ្ងៃព្រហស្បតិ៍នេះ ។

លោក Mike Pompeo តាមសេចក្តីរាយការណ៍ នឹងជួបគ្នាជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ លោក Dian Triansyah Djani ជាប្រធានក្រុមប្រឹក្សា សម្រាប់ខែសីហា ដើម្បីដាក់ពាក្យបណ្ដឹងស្តីពីការមិនអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥របស់អ៊ីរ៉ង់ បើទោះជាទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះ ក្នុងឆ្នាំ២០១៨ហើយក៏ដោយ ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀង នុយក្លេអ៊ែ រវាងប្រទេសអ៊ីរ៉ង់ រុស្ស៊ី ចិន អាល្លឺម៉ង់ អង់គ្លេស បារាំង និងសហរដ្ឋអាមេរិក គឺមានគោលដៅទប់ស្កាត់អ៊ីរ៉ង់មិនឲ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែ ដើម្បីជាថ្នូរសម្រាប់ការបន្ធូរ បន្ថយទណ្ឌកម្ម ហើយកិច្ចព្រមព្រៀងនោះ មានចែងក្នុងសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខក្នុងឆ្នាំ២០១៥៕
ប្រែសម្រួល៖ប៉ាង កុង

To Top