ព័ត៌មានអន្តរជាតិ

លោក ត្រាំ រំពឹងថា អារ៉ាប៊ីសាអូឌីត នឹងចូលរួមក្នុងកិច្ចព្រមព្រៀង អ៊ីស្រាអែល និងសហភាពអារ៉ាប់រួម

បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា លោករំពឹងថា ប្រទេសអារ៉ាប៊ីសាអូឌីត នឹងចូលរួមក្នុងកិច្ចព្រមព្រៀង ដែលប្រកាសកាលពីសប្ដាហ៍មុន ដោយប្រទេសអ៊ីស្រាអែល និងសហភាពអារ៉ាប់រួម ធ្វើចំណងការទូតឲ្យមាន ភាពប្រក្រតីឡើងវិញ និងជំរុញបង្កើនចំណងមិត្តភាពថ្មី ឲ្យកាន់តែទូលំទូលាយ ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា នៅពេលឆ្លើយតបចំពោះសំនួរនៅក្នុងសន្និសីទកាសែតមួយ នៅសេតវិមានថា តើលោករំពឹងថា អារ៉ាប៊ីសាអូឌីតនឹង ចូលរួមក្នុងកិច្ចព្រមព្រៀងទេនោះ លោក ត្រាំ បានឆ្លើយតបថា “ខ្ញុំពិតជារំពឹងដូច្នោះ”។

គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀង ដែលលោក ត្រាំ ជួយសម្របសម្រួលនោះ ប្រទេសអ៊ីស្រាអែល បានព្រមព្រៀងឈប់ដាក់តំបន់នៅ West Bank ឲ្យចូលជាឧបសម្ព័ន្ធរបស់ខ្លួន តាមការគ្រោងទុក ហើយកិច្ចព្រមព្រៀងក៏បានបញ្ជាក់ពីការប្រឆាំងកើនឡើង ចំពោះមហាអំណាចក្នុងតំបន់ គឺប្រទេសអ៊ីរ៉ង់ ដែលសហភាពអារ៉ាប់រួម អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ចាត់ទុកថា ជាការគម្រាមកំហែងដ៏ធំក្នុងតំបន់មជ្ឈិមបូព៌ា៕
ប្រែសម្រួល៖ប៉ាង កុង

To Top