ព័ត៌មានអន្តរជាតិ

ម៉ាលី៖ ក្រុមប្រឆាំង សន្យាធ្វើការជាមួយ មេដឹកនាំរដ្ឋប្រហារ អំឡុងពេលអន្តរកាល ក្រោយទម្លាក់ប្រធានាធិបតីពីតំណែង

បរទេស៖ យោងតាមការចុះផ្សាយ របស់កាសែតក្នុងស្រុក របស់ប្រទេសម៉ាលី បានឱ្យដឹងថា ក្រុមប្រឆាំងរបស់ប្រទេសនេះ បានសន្យាសហការ ជាមួយមេដឹកនាំរដ្ឋប្រហារ ស្តីពីការរៀបចំ រយៈពេលអន្តរកាល នៅក្នុងប្រទេសនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមការចុះផ្សាយ របស់កាសែត Bamako ក្រុមប្រឆាំងចលនា ៥ មិថុនា – ប្រមូលផ្តុំកម្លាំងស្នេហាជាតិ បានសម្តែងការត្រៀមខ្លួន ធ្វើការលើការអភិវឌ្ឍផែនទី បង្ហាញផ្លូវរួមគ្នា ជាមួយមេដឹកនាំរដ្ឋប្រហារ។

កាលពីថ្ងៃអង្គារ ក្រុមមន្រ្តីម៉ាលីមួយក្រុម បានផ្តួចផ្តើមគំនិតអោយមានបះបោរ នៅឯមូលដ្ឋានយោធា Kati ជិតរដ្ឋធានី Bamako នៃប្រទេសម៉ាលី ទាមទារអោយមាន ការកែទម្រង់នយោបាយ និងការបោះឆ្នោតដោយយុត្តិធម៌។

ក្រុមឧទ្ទាមបាននិយាយថា ពួកគេបានឃុំខ្លួនមន្ត្រីជាន់ខ្ពស់មួយចំនួន ក្នុងនោះមានទាំងប្រធានាធិបតីគឺ លោក Ibrahim Boubacar Keita និងនាយករដ្ឋមន្ត្រីគឺលោក Boubou Cisse។ ក្រោយមកលោកប្រធានាធិបតី Keita បានប្រកាសលាលែងពីរដ្ឋាភិបាល និងរដ្ឋសភា។

មេដឹកនាំរដ្ឋប្រហារ បានប្រកាសបង្កើត គណៈកម្មាធិការជាតិ ដើម្បីសង្គ្រោះប្រជាជន និងបានបិទព្រំដែនប្រទេស រួមទាំងដាក់បំរាមគោចរ។

សូមជម្រាបថា រដ្ឋប្រហារយោធាកើតឡើង បន្ទាប់ពីមានវិបត្តិនយោបាយ កំពុងបន្តនៅក្នុងប្រទេសម៉ាលី ដោយមានអ្នកគាំទ្រនៃក្រុមប្រឆាំង“ ចលនា ៥ មិថុនា” ធ្វើដំណើរតាមដងផ្លូវ ដើម្បីទាមទារអោយ លោកប្រធានាធិបតី Keita លាលែងពីតំណែងនៅដើមរដូវក្តៅនេះ។ ការប៉ះទង្គិចគ្នានៅថ្ងៃទី ១១-១២ ខែកក្កដារវាងក្រុមបាតុករ និងកងកំលាំងសន្តិសុខ បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១១ នាក់ដោយមានអ្នករងរបួសជាង ១២០ នាក់។

ក្រុមប្រឆាំងបានចោទប្រកាន់ Keita ថា បានបរាជ័យក្នុងការដោះស្រាយ ជាមួយនឹងអំពើពុករលួយ និងការស្តារសន្តិសុខឡើងវិញ នៅក្នុងប្រទេសចំ ពេលមានការកើនឡើងនៃពួកជីហាដ និងអំពើហិង្សាអន្តរសហគមន៍៕ ប្រែសម្រួលៈ ណៃ តុលា

To Top