ព័ត៌មានអន្តរជាតិ

ទឹកជំនន់ នៅទន្លេយ៉ាងស្សេ ហក់ឡើងខ្លាំងដល់ ព្រះបាតព្រះពុទ្ធ ដ៏ល្បីល្បាញ នៅប្រទេសចិន

បរទេស៖ ទឹកជំនន់នៅភាគខាងត្បូងប្រទេសចិន បានបណ្តាលឱ្យទឹកពីទន្លេ យ៉ាងស្សេ ហក់ឡើងឈានដល់ព្រះបាតរបស់ រូបសំណាកព្រះពុទ្ធដ៏ល្បីល្បាញ ជាលើកដំបូង នៅក្នុងទសវត្សនេះ។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា រូបធ្លាក់របស់ព្រះពុទ្ធយក្ស Leshan ដែលមានកម្ពស់ ២៣៣ ហ្វីត (៧១ ម៉ែត្រ) កំពុងគង់ (អង្គុយ) នៅខាងក្រៅភ្នំប្រហែល ១ ២០០ ឆ្នាំមុន គឺជាផ្នែកមួយ នៃតំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូនៅខេត្តស៊ីឈួន ប្រទេសចិន។

ជាធម្មតា រូបបដិមាព្រះពុទ្ធនេះ ឋិតនៅលើទឹកនៃទន្លេយ៉ាងស្សេ ដែលជាទន្លេវែងជាងគេទី ៣ របស់ពិភពលោក ហើយអ្នកទេសចរ ប្រមូលផ្តុំគ្នានៅឯគ្រឹះ (ព្រះបាត) របស់រូបបដិមា។ ប៉ុន្តែតំបន់នោះត្រូវបានបិទកាលពីថ្ងៃច័ន្ទ ដោយសារទឹកទន្លេឡើងខ្ពស់ ល្មមប៉ះនឹងព្រះបាតរបស់ព្រះពុទ្ធ ដែលការហក់ឡើងរបស់ទឹកជំនន់នេះ មិនដែលកើតឡើងយ៉ាងហោចណាស់ក្នុងរយៈពេល ៧ ទសវត្សរ៍មកហើយ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានរដ្ឋស៊ីនហួរ៕ប្រែសម្រួលៈ ណៃ តុល

To Top