បរទេស ៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយប្រាប់ថា ខ្លួនបានផ្អាកសហប្រតិបត្តិការ ជាមួយយោធា របស់ប្រទេសម៉ាលី ក្នុងដំណើរឆ្លើយតប ចំពោះការផ្តួតរំលំប្រធានាធិបតី ស្របពេលដែលមនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នាក្នុងរដ្ឋធានី ប្រារព្ធពិធីអបអរសាទរ ចំពោះការកាន់កាប់ ដោយរបបយោធា។
ប្រេសិតអាមេរិក ប្រចាំនៅតំបន់សាហែល គឺលោក J. Peter Pham បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “សូមឲ្យខ្ញុំនិយាយលក្ខណៈក្រុមថា គ្មានការហ្វឹកហាត់ ឬក៏ការគាំទ្របន្ថែមទៀត ចំពោះកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសម៉ាលីទេ យើងបានផ្អាកគ្រប់យ៉ាង រហូតដល់ពេលវេលា ដែលយើងអាច បញ្ជាក់ពីស្ថានភាពបាន” ។
គួរបញ្ជាក់ថា ជាប្រក្រតីសហរដ្ឋអាមេរិក តែងតែផ្តល់ការហ្វឹកហាត់ ដល់ទាហានក្នុងប្រទេសម៉ាលី ដែលរួមបញ្ចូលទាំងមន្ត្រីជាច្រើនរូប ដែលដឹកនាំរដ្ឋប្រហារផងដែរ។ អាមេរិកក៏ផ្តល់ផងដែរ នូវការគាំទ្រផ្នែកស៊ើបការណ៍សម្ងាត់ ដល់កងកម្លាំង Barkhane របស់បារាំង ដែលនៅទីនោះ ដើម្បីប្រយុទ្ធ នឹងសាខាពួកអាល់កៃដា និងក្រុមរដ្ឋឥស្លាមជ្រុលនិយម ៕
ប្រែសម្រួល៖ប៉ាង កុង