បរទេស៖ វិមានក្រឹមឡាំងនៅថ្ងៃសៅរ៍នេះបានប្រកាសថា ប្រធានាធិបតីរុស្សីលោក Putin និងសមភាគីហ្វាំងឡង់លោក Niinisto បានពិភាក្សាអំពីស្ថានការណ៍នៅបេឡារុស្សតាមទូរស័ព្ទ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយវិមានក្រមឡាំងបាននិយាយថានៅអំឡូងពេលការពិភាក្សាអំពីការវិវត្ត នៅក្នុងប្រទេសបេឡារុស្សលោក Putin បានបញ្ជាក់សាជាថ្មីនូវជំហររបស់រុស្ស៊ី ដែលបានសង្កត់ធ្ងន់ជាពិសេសថាការជ្រៀតជ្រែកចូលកិច្ចការ ផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យនិងការព្យាយាមដាក់សម្ពាធ ពីខាងក្រៅមកលើអាជ្ញាធរស្របច្បាប់គឺមិនអាចទទួលយកបានទេ ។
សេចក្តីថ្លែងការណ៍នោះក៏បានបន្ថែមទៀត ដែរថាភាគីទាំងពីរបានបង្ហាញចំណាប់អារម្មណ៍ក្នុងការមើលឃើញស្ថានភាព នៅក្នុងសាធារណរដ្ឋមួយនេះវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
ប្រែសម្រួល៖ស៊ុនលី
