ព័ត៌មានអន្តរជាតិ

អង្គការណាតូ ច្រានចោល ការអះអាង របស់ប្រធានាធិបតីបេឡារុស្ស ដែលថា កងកម្លាំងបរទេស កំពុងរៀបចំការបង្កើត ជំរុំកងទ័ព នៅតាមព្រំដែន របស់ប្រទេសបេឡារុស

បរទេស៖ អង្គការ ណាតូ បានឱ្យដឹងថា ការអះអាងរបស់ប្រធានាធិបតី បេឡារុស្ស គឺលោក Alexander Lukashenko ដែលថា “ កងកម្លាំងបរទេស” កំពុងតែរៀបចំការបង្កើត ជំរុំកងទ័ពនៅតាមព្រំដែន របស់ប្រទេស របស់លោកនោះ គឺគ្មានមូលដ្ឋានទេ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ស្ថិតក្នុងសម្លៀកបំពាក់យោធា លោកប្រធានាធិបតី Alexander Lukashenko បាននិយាយថា លោកបានដាក់កម្លាំង ប្រដាប់អាវុធរបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្នខ្ពស់។

ការតវ៉ាបានបន្តនៅ តាមដងផ្លូវ នៃទីក្រុង Minsk ប្រទេស បេឡារុស កាលពីថ្ងៃសៅរ៍ បន្ទាប់ពីការបោះឆ្នោតដែលមានជម្លោះកាលពីពីរសប្តាហ៍មុន។ ក្រុមបាតុករកំពុងទាមទារឱ្យលោក Lukashenko ចុះចេញពីតំណែងផងដែរ។

មេដឹកនាំដែលបានគ្រប់គ្រង ប្រទេសបេឡារុស្សអស់រយៈពេល ២៦ ឆ្នាំមកហើយរូបនេះ បានអះអាងថា ប្លុកណាតូកំពុងព្យាយាមបំបែកប្រទេសបេឡារុស្ស ហើយតែងតាំងប្រធានាធិបតីថ្មី នៅទីក្រុង Minsk ។

លោកបាននិយាយថា កងទ័ពនៅប៉ូឡូញ និងលីទុយអានី កំពុងត្រៀមខ្លួនរួចហើយ ហើយលោកកំពុងបញ្ជូនកម្លាំង ប្រដាប់អាវុធរបស់លោកទៅព្រំដែន ភាគខាងលិចប្រទេស៕

ប្រែសម្រួលៈ ណៃ តុលា

To Top