ព័ត៌មានអន្តរជាតិ

Tiktok របស់ចិន កំពុងប្រើប្រាស់ផ្លូវច្បាប់ វាយបក ទៅលើលោក ដូណាល់ ត្រាំ វិញ

បរទេស៖ នៅមុននេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានទាមទារឱ្យក្រុមហ៊ុនចិន លក់ប្រតិបត្តិការរបស់ខ្លួន មកឱ្យអាមេរិកត្រឹមថ្ងៃទី ១៥ ខែកញ្ញា ឬជ្រើសយកការប្រឈម នឹងការហាមឃាត់ មិនឱ្យប្រតិបត្តិការនៅទូទាំងសហរដ្ឋអាមេរិក ដោយលោកបានលើកឡើង ពីការចោទប្រកាន់ថា កម្មវិធី Tiktok នេះអាចប្រមូលទិន្នន័យឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង របស់ចិន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុនមេរបស់ TikTok, គឺByteDance បាននិយាយថា ខ្លួននឹងដាក់ពាក្យបណ្តឹង ជាផ្លូវការប្រឆាំង នឹងរដ្ឋបាល លោក ត្រាំ នៅថ្ងៃច័ន្ទ។

ការប្រកាសនេះ ធ្វើឡើងក្រោយពីបទបញ្ជា របស់ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ឲ្យក្រុមហ៊ុន ByteDance ដកខ្លួនចេញពីប្រតិបត្តិការ នៅអាមេរិកាំង ក្នុងរយៈពេល ៩០ ថ្ងៃ បន្ទាប់ពីមានអនុសាសន៍ពីគណៈកម្មាធិការវិនិយោគបរទេស នៅអាមេរិក។

បទបញ្ជារបស់ស្ថាប័នត្រួតពិនិត្យ វិនិយោគបាននិយាយថា មានភ័ស្តុតាងដែលអាចជឿទុកចិត្តបាន ដែល ByteDance កំពុងប្រើកម្មវិធីវីដេអូខ្លី TikTok ដែលមានការទាញយកចំនួន ២ពាន់លាននាក់ នៅទូទាំងពិភពលោក គិតត្រឹមឆ្នាំ ២០២០ ដោយបានរំលោភលើសន្តិសុខ របស់សហរដ្ឋអាមេរិក។

ទាំងក្រុមហ៊ុន ByteDance និងរដ្ឋាភិបាលទីក្រុងប៉េកាំង បានបដិសេធក្នុងការចែករំលែកទិន្នន័យ និងការអះអាងថា បម្រាម របស់អាមេរិកនេះ គឺជាផ្នែកមួយនៃសង្គ្រាម ពាណិជ្ជកម្មដែលលោក ដូណាល់ ត្រាំ បានផ្តួចផ្តើម និងមិនផ្អែកលើការព្រួយបារម្ភអំពីសន្តិសុខជាតិ ស្របច្បាប់ណាមួយឡើយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top