បរទេស៖ យោងតាមអ្នកវិភាគ កូរ៉េខាងត្បូងមួយរូប បានឲ្យដឹងថា ការរៀបចំឡើងវិញនូវ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ បក្សពលករកូរ៉េរបស់លោក គីម ជុងអ៊ុន បង្ហាញឲ្យឃើញថា មេដឹកនាំកូរ៉េខាងជើង ស្វះស្វែងធ្វើការអភិវឌ្ឍសេដ្ឋកិច្ច និងអាវុធយុទ្ធសាស្ត្រស្មើគ្នា ។
ទីភ្នាក់ងារសារព័ត៌មាន Newsis បានរាយការណ៍នៅថ្ងៃសុក្រម្សិលមិញនេះថា លោក Cheong Seong-chang មកពីវិទ្យាស្ថាន Sejong បាននិយាយថា ការតែងតាំងអ្នកនយោបាយកូរ៉េខាងជើង លោក គីម ទុកហ៊ុន និងលោក រី ព្យុងចុល ជាគណៈកម្មាធិការកណ្ដាល របស់ការិយាល័យនយោបាយបក្ស កាលពីថ្ងៃទី១៣ ខែសីហា គឺជាសញ្ញាគោលនយោបាយ កំពុងតែវិវត្តរបស់ទីក្រុងព្យុងយ៉ាង ស្របពេលមានភាពលំបាកផ្នែក សេដ្ឋកិច្ចនិងជម្ងឺកូវីដ១៩។
គួរបញ្ជាក់ថា កាលពីដើមខែនេះ លោក គីម ទុកហ៊ុន ត្រូវបានតែងតាំងឲ្យកាន់តំណែង ជាអនុប្រធានគណៈកម្មាធិការ កណ្ដាលបក្ស ហើយលោកក៏ជា ប្រធានគណៈកម្មាធិការកញ្ចប់ថវិកា របស់សភាជាន់ខ្ពស់កូរ៉េខាងជើង និងទើបបានឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីកូរ៉េខាងជើងថ្មីៗផងដែរ ៕
ប្រែសម្រួល៖ ប៉ាង កុង