បរទេស៖ មន្ត្រីស៊ូដង់និងមន្ត្រីសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអាទិត្យ ម្សិលមិញនេះថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នឹងធ្វើដំណើរទស្សនកិច្ចប្រទេសស៊ូដង់ នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ក្រៅពីនេះ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ក៏នឹងធ្វើទស្សនកិច្ចប្រទេសអ៊ីស្រាអែល បារ៉ែន និងសហភាពអារ៉ាប់រួម នៅចន្លោះថ្ងៃទី២៣ដល់២៨ផងដែរ ហើយដំណើរទស្សនកិច្ចរបស់លោកនេះ គឺត្រូវបានធ្វើឡើង ក្រោយមានកិច្ចព្រមព្រៀងមួយ រវាងប្រទេសអ៊ីស្រាអែល និងសហភាពអារ៉ាប់រួម ក្នុងខែនេះ ដើម្បីជំរុញបង្កើន ឲ្យមានចំណងមិត្តភាពពេញលេញ។
នៅក្នុងប្រទេសស៊ូដង់ លោក Mike Pompeo នឹងជួបជាមួយ លោកនាយករដ្ឋមន្ត្រី Abdalla Hamdok និងប្រធានក្រុមប្រឹក្សាបក្សកាន់អំណាច គឺលោកឧត្តមសេនីយ៍ Abdel Fattah al-Burhan ដើម្បីពិភាក្សាគ្នា អំពីការគាំទ្របន្តរបស់អាមេរិក ចំពោះរដ្ឋាភិបាលអន្តរកាល ដឹកនាំដោយស៊ីវិល និងបង្ហាញការគាំទ្រ ចំពោះការធ្វើឲ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពស៊ូដង់ និងអ៊ីស្រាអែល៕ ប្រែសម្រួល៖ប៉ាង កុង