ព័ត៌មានអន្តរជាតិ

ប្រទេសជាម្ចាស់វ៉ាក់សាំង ប្រឆាំងមេរោគកូវីដ១៩ ដំបូងគេលើពិភពលោក មានអ្នកឆ្លងវីរុសនេះច្រើនជាង ៩៦ម៉ឺននាក់ និងស្លាប់ ១៦ ៤៤៨ នាក់

មូស្គូ៖ មជ្ឈមណ្ឌលឆ្លើយតប នឹងមេរោគកូវីដ១៩ របស់ប្រទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយ នៅថ្ងៃច័ន្ទថា ប្រទេសរុស្ស៊ីបានចុះបញ្ជីករណីឆ្លងមេរោគកូវីដ១៩ថ្មីចំនួន ៤ ៧៤៤ ករណីថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលសរុបទៅមានអ្នកឆ្លង សរុបក្នុងប្រទេសនេះចំនួន ៩៦១.៤៩៣ នាក់ ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសដែលបាន ប្រកាសខ្លួនឯងថា បានរកឃើញវ៉ាក់សាំងប្រឆាំង នឹងមេរោគកូវីដនេះដំបូង គេនៅលើពិភពលោកមួយនេះ ក៏មានអ្នកស្លាប់ថ្មីចំនួន ៦៥ នាក់ត្រូវបានគេរាយ ការណ៍ថែមទៀត ដែលសរុបអ្នកស្លាប់ក្នុងប្រទេសរុស្ស៊ី គឺមានចំនួន ១៦ ៤៤៨ នាក់។

មជ្ឈមណ្ឌលឆ្លើយតបបាននិយាយថា ទីក្រុងមូស្គូដែលជាតំបន់រងគ្រោះខ្លាំងជាងគេរបស់ប្រទេសនេះ បានរាយការណ៍ពីករណីថ្មីចំនួន ៦២៥ ករណីដោយទទួលបានការឆ្លងសរុបដល់ ២៥៧.៧៤៩ នាក់។

យោងតាមសេចក្តីថ្លែង ការណ៍នោះគឺមានអ្នកជំងឺកូវីដចំនួន ៧៧៣.០៩៥ នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ។ សេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយបាននិយាយថា គិតត្រឹមថ្ងៃអាទិត្យ មានមនុស្ស ២១៧.៧៣៩ នាក់កំពុងស្ថិតក្នុងការសង្កេតខាងវេជ្ជសាស្ត្រនៅឡើយ ខណៈការធ្វើតេស្តរកមេរោគ ត្រូវបានធ្វើឡើងទៅលើប្រជាជនជាង ៣៤,៦ លាននាក់ នៅទូទាំងប្រទេស៕

ប្រែសម្រួលៈ ណៃ តុលា

To Top