Chongqing៖ នាយករដ្ឋមន្ត្រីចិនលោកលី ខឹឈាង បានសង្កត់ធ្ងន់លើការងារ រឹងមាំក្នុងការគ្រប់គ្រង និងជួយសង្គ្រោះអំឡុង ពេលគ្រោះទឹកជំនន់ ក៏ដូចជាការស្តារ កសាងឡើងវិញ និងបន្តកិច្ចប្រឹងប្រែងដើម្បីពង្រឹងសន្ទុះនៃការស្តារសេដ្ឋកិច្ចឡើងវិញ ចំពេលមានការកែទម្រង់ និងការបើកចំហ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ បាន ឱ្យដឹងថា លោកលី ក៏ជាសមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិនផងដែរនោះ បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងដំណើរទស្សនកិច្ច ត្រួតពិនិត្យមួយនៅក្នុងក្រុង Chongqing ដែលរងគ្រោះដោយទឹកជំនន់ នៅភាគនិរតីនៃប្រទេសចិន។
ទន្លេយ៉ង់ស្សេ និងដៃទន្លេមេ Jialing ថ្មីៗនេះបានជួបប្រទះនូវកំពូលទឹកជំនន់ភ្លាមៗ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៅ Chongqing។
លោកនាយករដ្ឋមន្រ្តី លី បានប្រញាប់ប្រញាល់ទៅតំបន់រងគ្រោះដោយទឹកជំនន់ នៅពេលមកដល់នៅទីភ្លាមៗ។ នៅភូមិ Shuangba នៃស្រុក Tongnan លោកបានដើរឆ្លងកាត់ផ្លូវថ្នល់ ដែលគ្របដណ្ដប់ដោយភក់ ដើម្បីទៅមើលផ្ទះលិចទឹករបស់អ្នកភូមិ ដើម្បីដឹងអំពីការខូចខាត ហើយបានទៅមើលទីតាំងជម្រកបណ្តោះអាសន្ន ដើម្បីស្វែងយល់ពីជីវិតរបស់ប្រជាជនដែលរងគ្រោះ។
លោកក៏បានទស្សនាដីស្រែចំការ និងផ្ទះកញ្ចក់ដែលរងការខូចខាតផងដែរ ដោយស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន បង្កើនការគាំទ្រដល់ការស្តារ ផលិតកម្មឡើងវិញ។
ខណៈពេលដែលទស្សនាអាងស្តុកទឹក ដ៏សំខាន់មួយ នៃទីក្រុង លោកលីបានសង្កត់ធ្ងន់ លើការពង្រឹងការស្រាវជ្រាវ គោលនយោបាយនិងបង្កើតយន្តការមួយ សម្រាប់ផលចំណេញ ដោយផ្ទាល់ដល់តំបន់រងគ្រោះ ដោយគ្រោះមហន្តរាយ និងគាំទ្រដល់រដ្ឋាភិបាលមូលដ្ឋាន ក្នុងការស្តារឡើងវិញនូវគម្រោង ដែលខូចខាតដោយសារទឹកជំនន់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងសម្រាប់ការគ្រប់គ្រង ទឹកជំនន់ និងការបង្ហូរទឹក៕
ប្រែសម្រួលៈ ណៃ តុលា