ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ នឹងពិភាក្សាអំពីជម្លោះ នៅសមុទ្រមេឌីទែរ៉ានេ ភាគខាងកើត

បរទេស៖រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas គ្រោងធ្វើការពិភាក្សាគ្នាអំពីជម្លោះឧស្ម័នធម្មជាតិ នៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត នៅក្នុងទីក្រុងអាតែន និងទីក្រុងអង់ការ៉ា នាថ្ងៃអង្គារសប្ដាហ៍នេះ នេះបើយោងតាមសម្តីមន្ត្រីនាំពាក្យក្រសួងមួយរូបនិយាយប្រាប់នៅថ្ងៃចន្ទនេះ។

មន្ត្រីនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់រូបនោះ តាមសេចក្តីរាយការណ៍ បាននិយាយបន្ថែមនៅក្នុងសន្និសីទកាសែតរបស់រេដ្ឋាភិបាលមួយថា ប្រទេសអាល្លឺម៉ង់ មានការសោកស្តាយចំពោះការសម្រេចចិត្តរបស់ទីក្រុងអង់ការ៉ា ពង្រីកសកម្មភាពនាវារុករកឧស្ម័នធម្មជាតិ នៅក្នុងសមុទ្រមេឌីទែរ៉ានេភាគខាងកើតនោះ។

គួរបញ្ជាក់ថា ភាពតានតឹងរវាងសមាជិកអង្គការណាតូ គឺប្រទេសក្រិកនិងប្រទេសតួកគី នាពេលថ្មីៗនេះ បានកើនខ្លាំងឡើង បន្ទាប់ពីប្រទេសតួកគីបញ្ជូននាវារុករក Oruc Reis អមដោយនាវាចម្បាំង ទៅកំណត់ទីតាំងកន្លែងអាចខួងយកប្រេងនិងឧស្ម័ន នៅក្នុងតំបន់មួយដែលប្រទេសទាំងពីរអះអាងកម្មសិទ្ធិគ្រប់គ្រង៕ ប្រែសម្រួល៖ប៉ាង កុង

To Top