ព័ត៌មានអន្តរជាតិ

សហភាពអារ៉ាប់រួម និងអ៊ីស្រាអែល ព្រមព្រៀងគ្នា ធ្វើឲ្យប្រសើរឡើង នូវសហប្រតិបត្តិការ លើសុខភាព

បរទេស ៖ សហភាពអារ៉ាប់រួម និងប្រទេសអ៊ីស្រាអែល នៅថ្ងៃចន្ទម្សិលមិញនេះ បានព្រមព្រៀងគ្នា ធ្វើឲ្យប្រសើរឡើង នូវសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យសុខាភិបាល បន្ទាប់ពីមានកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ ធ្វើឲ្យមានភាពប្រក្រតីឡើងវិញ នូវចំណងមិត្តភាពការទូត កាលពី១០ថ្ងៃមុន។

នៅក្នុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទ រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសទាំងពីរ បានពិភាក្សាគ្នាអំពីកិច្ចសហការគ្នា លើការស្រាវជ្រាវ ផ្នែកវេជ្ជសាស្ត្រនិងឱសថ និងជម្ងឺកូវីដ១៩ ហើយសេចក្តីថ្លែងការណ៍មួយ ពីក្រសួងសុខាភិបាលអ៊ីស្រាអែល បានបន្ថែមថា ពួកគេបានព្រមព្រៀងគ្នា លើសហប្រតិបត្តិការ បឋមនិងភ្លាមៗ ក្នុងវិស័យសុខាភិបាល។

គួរបញ្ជាក់ថា ប្រទេសអ៊ីស្រាអែល និងសហភាពអារ៉ាប់រួម បានព្រមព្រៀងគ្នាធ្វើឲ្យមានភាពប្រក្រតីឡើងវិញ នូវចំណងមិត្តភាពការទូត និងជំរុញឲ្យមានចំណងមិត្តភាព ទូលំទូលាយថ្មី ក្រោយកិច្ចព្រមព្រៀងគាំទ្រ ដោយសហរដ្ឋអាមេរិក ធ្វើឲ្យសហភាពអារ៉ាប់រួម ក្លាយជាប្រទេសអារ៉ាប់ទី៣ ដែលមានចំណងការទូតផ្លូវការ ជាមួយអ៊ីស្រាអែល បន្ទាប់ពីអេហ្ស៊ីប និងហ្សកដានី ៕ ប្រែសម្រួល៖ប៉ាង កុង

To Top