ព័ត៌មានអន្តរជាតិ

ស្លាប់ ១៣នាក់ ក្នុងហេតុការណ៍បាក់អគារកម្ពស់ ៥ជាន់ នៅភាគខាងលិចប្រទេសឥណ្ឌា

ញូវដេលី៖ សារព័ត៌មាន Press Trust of India បានរាយការណ៍ថា យ៉ាងហោចណាស់ មានមនុស្ស ១៣ នាក់បានស្លាប់និង ៣ នាក់ទៀត កំពុងជាប់នៅក្នុងគំនរបាក់បែក បន្ទាប់ពីអគារផ្ទះល្វែងកម្ពស់ ៥ ជាន់មួយបានដួលរលំនៅរដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌា។

ប្រភពព័ត៌មានពី PTI បានឲ្យដឹងថា មនុស្សជាច្រើន ត្រូវបានគេទាញចេញពីគំនរបាក់បែក នៃអគារផ្ទះល្វែង នៅម៉ាហាដ ចម្ងាយប្រហែល ១៧០ គីឡូម៉ែត្រពីទីក្រុងបុមបៃ បន្ទាប់ពីការដួលរលំ កាលពីល្ងាចថ្ងៃច័ន្ទ។

ទីភ្នាក់ងារព័ត៌មាន ក៏បានដកស្រង់សម្តីប៉ូលិស ដែលថា ខណៈក្រុមអ្នកជួយសង្គ្រោះ កំពុងរើកកាយកម្ទេចកម្ទីនៅថ្ងៃអង្គារ ពួកគេបានរកឃើញក្មេងប្រុស អាយុ ៤ ឆ្នាំម្នាក់ នៅរស់ក្បែរសពម្តាយរបស់គេ។

សាក្សីនិយាយថា អគារនេះបានបាក់ធ្លាក់ចុះ ដូចផ្ទះក្រដាសអីចឹង។ ប៉ូលិសកាលពីថ្ងៃអង្គារ បានចុះបញ្ជីបទល្មើស ប្រឆាំងនឹងមនុស្ស ៥ នាក់ រួមទាំងអ្នកសាងសង់ និងស្ថាបត្យករ ជុំវិញការបរាជ័យនៃរចនាសម្ព័ន្ធនេះ៕ ដោយ៖ ឈូក បូរ៉ា

To Top