ព័ត៌មានអន្តរជាតិ

បក្សប្រជាធិបតេយ្យរបស់ថៃថា នឹងជំទាស់ទៅនឹង ការទិញនាវាមុជទឹក ២គ្រឿងពីចិន តម្លៃជាង ២២ពាន់លានបាត

បរទេស៖ គណបក្សប្រជាធិបតេយ្យ ចង់អោយកងទ័ពជើងទឹកថៃ (RTN )ពិនិត្យឡើងវិញនូវផែនការ ទិញនាវាមុជទឹកចំនួន ២គ្រឿង ដែលមានតម្លៃ ២២,៥ ពាន់លានបាតពីប្រទេសចិន។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រសិនបើមិនមានការពិនិត្យឡើងវិញនោះ សមាជិកសភារបស់ខ្លួន ដែលនៅគណៈកម្មាធិការត្រួតពិនិត្យ ច្បាប់ថវិកាសម្រាប់ឆ្នាំសារពើពន្ធ ២០២១ នឹងបដិសេធចំពោះការទិញនេះ។

អ្នកនាំពាក្យរងនៃគណបក្ស ប្រជាធិបតេយ្យលោក Akkaradet Wongpitakrote បាននិយាយនៅថ្ងៃអង្គារនេះថា វាត្រូវបានព្រមព្រៀងគ្នា នៅឯកិច្ចប្រជុំរបស់សមាជិកសភា បក្សប្រជាធិបតេយ្យដែលថា សមាជិកសភា ៧ រូបរបស់ខ្លួន នៅក្នុងគណៈកម្មាធិការ នឹងស្នើទៅរដ្ឋាភិបាលនិង RTN ដកផែនការទិញពីរបៀបវារៈ នៃកិច្ចប្រជុំរបស់គណៈកម្មាធិការ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃស្អែក។

លោក Akkaradet បាននិយាយថា សមាជិកសភានៃ គណបក្សប្រជាធិបតេយ្យ បានយល់ស្របថា ការដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលកើតមាននៅក្នុងប្រទេស គឺមានអាទិភាព ជាងការទិញនាវាមុជទឹក។ លោកបាននិយាយថា ប៉ុន្តែប្រសិនបើកងទ័ពជើងទឹក ទទូចលើការទិញនាវាមុជទឹកនេះ សមាជិកសភាគណបក្ស ប្រជាធិបតេយ្យទាំង ៧ រូប នឹងបោះឆ្នោតប្រឆាំងនឹងគម្រោងនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top