ព័ត៌មានអន្តរជាតិ

ចាប់តាំងពីប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ ចូលកាន់តំណែង មានទូកនេសាទវៀតណាម ច្រើនជាងគេ ដែលត្រូវឥណ្ឌូនេស៊ីពន្លិច ក្រោយចាប់បាន

បរទេស៖ សមាគមអ្នកនេសាទវៀតណាម បានរិះគន់ឥណ្ឌូនេស៊ី ពីការចាប់ខ្លួនអ្នកនេសាទវៀតណាម ដោយខុសច្បាប់ហើយបានទាមទារ ឱ្យមានការដោះលែង ទាំងមនុស្ស ទាំងទូកវិញ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងការទាក់ទងទៅ ការិយាល័យរដ្ឋាភិបាល ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្រសួងការបរទេស និងគណៈកម្មាធិការកិច្ចការបរទេស កណ្តាលរបស់បក្សកុម្មុយនីស្ត សមាគមននេះ កាលពីថ្ងៃច័ន្ទបាននិយាយថា ប្រទេសឥណ្ឌូនេស៊ីត្រូវតែធានា នូវសុវត្ថិភាពរបស់អ្នកនេសាទវៀតណាម និងទូករបស់ពួកគេ ហើយឧប្បត្តិហេតុស្រដៀងគ្នានេះ កុំឱ្យកើតឡើងម្តងទៀត។

សមាគមអ្នកនេសាទវៀតណាម ក៏បានអំពាវនាវដល់ រដ្ឋាភិបាលវៀតណាម ឱ្យថ្កោលទោសចំពោះ សកម្មភាពរបស់ឥណ្ឌូនេស៊ី និងនាំអ្នកនេសាទត្រឡប់មកផ្ទះវិញ ដោយសុវត្ថិភាពនិងពង្រឹងការល្បាត ដើម្បីជួយដល់អ្នកនេសាទ នៅតាមសមុទ្រ។

សូមជម្រាបថា កាលពីថ្ងៃទី១០ សីហា ទូកនេសាទវៀតណាមចំនួន ៣ គ្រឿងមកពីខេត្តភាគកណ្តាលខាញ់ហ័ ដែលមានអ្នកនេសាទ ២៦ នាក់នៅលើនោះត្រូវបាន អាជ្ញាធរឥណ្ឌូនេស៊ីចាប់ ក្នុងពេលពួកគេកំពុងនេសាទ នៅក្នុងដែនទឹករបស់វៀតណាម។

ប្រទេសវៀតណាមនិងឥណ្ឌូនេស៊ី បានធ្វើការអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីពន្លឿនការចរចាស្តីពី ការកំណត់ព្រំដែនតំបន់ សេដ្ឋកិច្ចផ្តាច់មុខរបស់ពួកគេ (EEZ) ។ ចាប់តាំងពីលោកប្រធានាធិបតីចូកូវីដូដូ ចូលកាន់តំណែងនៅឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០១៤ គឺមានទូកនេសាទបរទេសរាប់រយគ្រឿង ត្រូវបានពន្លិច ដោយសារនេសាទចូល ដែនទឹកឥណ្ឌូនេស៊ី ហើយក្នុងចំនួននោះ គឺមានច្រើនជាងពាក់កណ្តាល ជាទូកនេសាទវៀតណាម ៕

ប្រែសម្រួលៈ ណៃ តុលា

To Top