ព័ត៌មានអន្តរជាតិ

វិភាគ: ប្រមុខការទូតចិន ធ្វើដំណើរទស្សនកិច្ចទៅកាន់ ៥ប្រទេសនៅអឺរ៉ុប

ប្រព័ន្ធផ្សព្វផ្សាយ Global Times បានចុះផ្សាយថា រដ្ឋមន្ត្រីការបរទេស របស់ប្រទេសចិន លោក វ៉ាង យី បានធ្វើដំណើរទស្សនកិច្ចទៅកាន់ ៥ប្រទេសនៅសហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ ទី២៥ ខែសីហានេះ ដោយជាន់ដីប្រទេសអ៊ីតាលីមុនគេ ។

៥ប្រទេសនៅអឺរ៉ុប ដែលជាគោលដៅក្នុងដំណើរ ទស្សនកិច្ចរបស់លោក វ៉ាង យឺ គឺមានប្រទេសអ៊ីតាលី ន័រវែស ហូឡង់ បារាំង និងប្រទេសអាល្លឺម៉ង់ ដែលសុទ្ធសឹងជាប្រទេសដៃគូសំខាន់ជាមួយចិន លើផ្នែកពាណិជ្ជកម្ម បច្ចេកវិទ្យា និងគម្រោងផ្លូវ១ខ្សែក្រវ៉ាត់១ ។

នេះគឺជាលើកដំបូងហើយ សម្រាប់ប្រមុខការទូតរបស់ប្រទេសចិន ដែលបានធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប ចាប់តាំងពីមានផ្ទុះវីរុស Covid-19 ឡើងនៅទីក្រុង អ៊ូហាន ប្រទេសចិន កាលពីថ្ងៃទី៣០ ខែធ្នូ ចុងឆ្នាំ២០១៩ កន្លងទៅ ។

ប្រធានបទសំខាន់ក្នុងដំណើរ ទស្សនកិច្ចរបស់លោក វ៉ាង យី ទៅកាន់អឺរ៉ុបលើកនេះ គឺទី១កិច្ចសហប្រតិបត្តិការ ជាលក្ខណៈពហុភាគី ទី២ការរៀបចំឡើងវិញ នូវសង្វាក់ផ្គត់ផ្គង់សកល ទី៣ការទប់រលកនៃការប្រឆាំងនឹង ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ (5G) របស់ចិន ។

នៅប្រទេសអ៊ីតាលី ក្រៅតែពីពិភាក្សាពីការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ប្រមុខការទូតរបស់ប្រទេសចិន ក៏បានលើកឡើងផងដែរពីការ បំពាក់ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ (5G) របស់ក្រុមហ៊ុន Huawei ចិននៅក្នុងប្រទេសនេះ ។

អ៊ីតាលីជាប្រទេសស្ថិតក្នុងបញ្ជី ដែលបានដាក់បញ្ចូលជាផ្លូវការ នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ១ខ្សែក្រវ៉ាត់១ ហើយចិនចង់ឃើញ អ៊ីតាលីបំពាក់ប្រព័ន្ធ ៥G របស់ក្រុមហ៊ុនចិន ដែលជាផ្នែកមួយក្នុងការពង្រឹង ទំនាក់ទំនងផ្នែកបច្ចេកវិទ្យា និងពាណិជ្ជកម្ម ។

បន្ទាប់ពីអ៊ីតាលី លោកវ៉ាង យី បានបន្តដំណើរទៅប្រកាន់ ប្រទេសន័រវែសដែលនៅទីនោះ ក្រុមហ៊ុនទូរស័ព្ទ Telenor បានចាប់អារម្មណ៍លើប្រព័ន្ធ ៥G របស់ក្រុមហ៊ុន Ericsson នៃប្រទេសស៊ុយអែតជាងក្រុមហ៊ុន Huawei របស់ចិន ។

បន្ទាប់ពីន័រវែស ប្រមុខការទូតចិន នឹងធ្វើដំណើរទៅកាន់ ប្រទេសហូឡង់ដែលនៅទីនោះ រដ្ឋាភិបាលបានហាម ក្រុមហ៊ុនទូរស័ព្ទមួយចំនួន មិនឲ្យបំពាក់ឧបករណ៍ របស់ក្រុមហ៊ុនរបស់ក្រុមហ៊ុ Huawei ចិន នៅក្នុងផ្នែកខ្លះនៃបណ្តាញ បច្ចេកវិទ្យារបស់ខ្លួន ។

ប្រទេសដែលលោក វ៉ាង យី ត្រូវបំពេញទស្សនកិច្ចជាបន្ត គឺប្រទេសបារាំងដែលរដ្ឋាភិបាលរបស់ប្រទេសនេះមានជំហរ ស្ទាក់ស្ទើរជាមួយ​ក្រុមហ៊ុន Huawei ចិន ក្នុងការទទួលយកប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ (5G) ដាក់ក្នុងប្រទេសនេះ ។

បារាំងស្ទាក់ស្ទើរ គឺដោយសារនៅម្ខាង ក្រុងប៉ារីសមិនបានហាមឃាត់ ទាំងស្រុងពីការបំពាក់ប្រព័ន្ធ ៥G របស់ Huawei ទេ និងនៅម្ខាងទៀត កុងត្រាដែលមិនអាចពន្យារ បានត្រូវមានរយៈពេលតិចជាង៥ឆ្នាំទៅមុខ ។

ចំណែកប្រទេសចុងក្រោយគេ នៃដំណើរទស្សនកិច្ច របស់ប្រមុខការទូតចិន គឺប្រទេសអាល្លឺម៉ង់ដែលរដ្ឋាភិបាលរបស់ប្រទេសនេះ នឹងសម្រេចពីការបំពាក់ ឬមិនបំពាក់ប្រព័ន្ធ ៥G របស់ Huawei នៅខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ។

ក្រៅពីប្រធានរឿងក្តៅទាក់ទងនឹងក្រុមហ៊ុន Huawei វត្តមានរបស់លោកវ៉ាង យីនៅលើទឹកដីអឺរ៉ុបក៏មានគោលដៅលើកដំកើង គំនិតពុហភាគីនិយម ដើម្បីផ្តល់សន្ទុះឡើងវិញនូវសេដ្ឋកិច្ចសកលដែលកំពុងរងគ្រោះ ដោយវិបត្តិជំងឺកូវីដ-១៩ ។

ដំណើរទស្សនកិច្ចរបស់លោកវ៉ាង យី ទៅកាន់៥ប្រទេសនៅអឺរ៉ុប ក៏ដើម្បីរៀបចំជំនួបកំពូលរវាងថ្នាក់ដឹកនាំអឺរ៉ុប និងប្រធានាធិបតីចិន លោកស៊ី ជីនពីង នៅពាក់កណ្តាលខែកញ្ញាខាងមុខដែរ ដែលជាជំនួបកំពូលផ្តោតសំខាន់ លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប និងចិនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ នៅលើពិភពលោក ។

ដើមចមនាំអោយកើតរឿង

មូលហេតុដែលនាំអោយ ប្រមុខការទូតចិន ធ្វើដំណើរទៅកាន់៥ប្រទេស នៅសហភាពអឺរ៉ុប និងពិភាក្សាផ្តោតសំខាន់ទៅលើ ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ (5G)របស់ក្រុមហ៊ុន Huawei ចិន គឺដោយសារអឺរ៉ុបនៅតែរារែកចិត្ត នៅឡើយក្នុងការប្រើប្រាស់ បច្ចេកវិទ្យានេះ ។

ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនទូរគមនាគមន៍ ដ៏ធំបំផុតរបស់ចិន កំពុងតែប្រឈមនឹងការចោទប្រកាន់ពីសំណាក់ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ពីបទលួចយកការណ៍សម្ងាត់ និងកម្មសិទ្ធិបញ្ញា ក៏ដូចជាការបំពានលើទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ។

ការចោទប្រកាន់ និងមន្ទិលសង្ស័យអស់ទាំងនេះ កំពុងតែបង្កជាបញ្ហាចោទដ៏ ធំមួយដល់កិច្ចការជំនួញរបស់ក្រុមហ៊ុន Huawei ក៏ប៉ុន្តែក្នុងពេលជាមួយគ្នា វាក៏កំពុងតែបង្កនូវបញ្ហាស្មុគស្មាញយ៉ាងច្រើនផងដែរដល់ បណ្តាប្រទេសនៅតំបន់អឺរ៉ុប ។

សម្រាប់បណ្តាប្រទេសនៅអឺរ៉ុប មន្ទិលសង្ស័យ និងការចោទប្រកាន់របស់អាមេរិក ទៅលើក្រុមហ៊ុន Huawei គឺពិតជាមានចំណុច ដែលសមហេតុផលច្រើន ជាពិសេសទាក់ទងនឹងក្តីបារម្ភខ្លាច Huawei ធ្វើខ្លួនជាឧបករណ៍ របស់រដ្ឋាភិបាលចិន ដើម្បីលួចយកការណ៍សម្ងាត់ ឬធ្វើសកម្មភាព ដែលប៉ះពាល់ដល់សន្តិសុខជាតិ របស់ប្រទេសដទៃ ។

មូលហេតុចម្បង ដែលបង្កនូវក្តីបារម្ភនេះ គឺទំនាក់ទំនងរវាងក្រុមហ៊ុន Huawei និងរដ្ឋាភិបាលក្រុងប៉េកាំង ដែលគេដឹងថា ក្រុមហ៊ុន Huawei ថ្វីដ្បិតតែមានឈ្មោះថាជាក្រុមហ៊ុនឯកជនមែ ក៏ប៉ុន្តែស្ថាបនិករបស់ក្រុមហ៊ុននេះ គឺជាអតីតវិស្វករបម្រើការងារ នៅក្នុងជួរកងទ័ពប្រជាជនចិន ហើយរដ្ឋាភិបាល ក៏ដូចជាបណ្តាអ្នកជំនាញ នៅតាមបណ្តាប្រទេស លោកខាងលិចសុទ្ធតែនាំគ្នាគិតថា ការពង្រីកមុខជំនួញដ៏លឿន ដូចផ្លេកបន្ទោររបស់ក្រុមហ៊ុន Huawei ទាំងនៅក្នុងប្រទេសចិន និងនៅលើឆាកអន្តរជាតិ គឺមិនអាចនឹងកើតមានឡើងបានទេ ប្រសិនបើគ្មានរដ្ឋាភិបាលចិននៅពីក្រោយ ។

សន្និដ្ឋាន៖ តើលោក វ៉ាង យឺ អាចជម្រះមន្ទិលអឺរ៉ុបបានទេក្នុងរឿង 5G ?

លោក Cui Hongjian នាយកផ្នែកសិក្សាសហភាពអឺរ៉ុប នៅវិទ្យាស្ថានសិក្សាអន្តរជាតិរបស់ប្រទេសចិន (Department of European Studies at the China Institute of International Studies) បាននិយាយថា លោក វ៉ាង យី អាចនឹងទទួលជោគជ័យ ។

លោក Cui Hongjian បានបន្ថែមថា លោកវ៉ាង យី ជោគជ័យនៅត្រង់ថា បណ្តាប្រទេសនៅសហភាពអឺរ៉ុបចង់ប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងចង់មានកំណើនសេដ្ឋកិច្ចលូតលាស់ខ្លាំងនៅពេលខាងមុខ ក្រោយពីការឆ្លងរាលដាលវីរុសCovid-19 ។

បណ្តាប្រទេសនៅអឺរ៉ុប ហាក់ដូចជាមិនសូវទុកចិត្ត សហរដ្ឋអាមេរិកទេ នៅពេលបច្ចុប្បន្ននេះ ទាំងផ្នែកការទូត នយោបាយ និងសេដ្ឋកិច្ច ជាពិសេសគឺអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។

ការមិនទុកចិត្តនេះហើយ ដែលនាំអោយលោក វ៉ាង យី មានទឹកមាត់ប្រៃ និងអាចបញ្ចុះបញ្ចូលបណ្តាប្រទេសនៅអឺរ៉ុបអោយជឿជាក់លើចិន ជាពិសេសគឺការទទួលប្រព័ន្ធបច្ចេកវិទ្យា និងការបង្កើនទំហំពាណិជ្ជកម្មរវាងចិន និងអឺរ៉ុបនៅពេលខាងមុខ ។

ផលប៉ះពាល់

អាមេរិកនឹងទទួល រងផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើលោក វ៉ាង យី អាចបញ្ចុះបញ្ចូលបណ្តាប្រទេសនៅអឺរ៉ុប អោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥​ (5G) របស់ក្រុមហ៊ុន Huawei និងអាចបំពេញគម្រោងផ្លូវ១ខ្សែក្រវ៉ាត់១មួយបាន ក្នុងដំណើរទស្សនកិច្ចនេះ ។

អាមេរិករងផលប៉ះពាល់ នៅពេលខាងមុខ គឺដោយសារប្រទេសទាំង ៥នៅអឺរ៉ុប ដែលជាគោលដៅដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី គឺជាប្រទេសសម្ព័ន្ធមិត្តចាក់ទឹក មិនលិចរបស់សហរដ្ឋអាមេរិក ប៉ុន្តែបែរជាមានទំនាក់ទំនង រឹងមាំជាមួយចិន លើផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងផ្នែកការទូតថែមទៀត ៕

ដោយ៖ អ៊ី ជិន

To Top