ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់ នៅអាហ្វហ្គានីស្ថាន សម្លាប់មនុស្ស រហូតដល់៧៣នាក់

អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ថា អ្នកនាំពាក្យរដ្ឋបាលខេត្ត បានបញ្ជាក់កាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ ក្នុងអំឡុងពេលយប់ថ្ងៃអង្គារ នៅខេត្ត Parwan ស្ថិតនៅភាគខាងកើត នៃប្រទេសអាហ្វហ្គានីស្ថាននោះ ត្រូវបានគេប្រកាសថា មានអ្នកស្លាប់ដល់ទៅ៧៣នាក់ និងបង្កឲ្យរបួស១០០នាក់ ។

លោកស្រី Wahhida Shahkar បានប្រាប់ដល់ស៊ិនហួថា “គិតត្រឹមម៉ោង៣និង០០នាទីម៉ោងក្នុងស្រុក កាលពីថ្ងៃពុធ តួលេខ នៃអ្នកដែលបានស្លាប់បានកើនឡើង ដល់៧៣នាក់ និងជាង១០០នាក់ផ្សេងទៀតបានរងរបួស នៅខេត្ត Parwan ដែលបានរងគ្រោះដោយទឹកជំនន់ ហើយគ្រោះថ្នាក់ទាំងនោះកើតឡើង នៅពេលមានភ្លៀង ធ្លាក់ចុះយ៉ាងខ្លាំង” ។

លោកស្រីបានបញ្ជាក់ថា ក្រុង Charikar ដែលជារដ្ឋធានីរបស់ខ្លួនខាងលើ ស្ទើរជិតពាក់កណ្តាល នៃផ្ទៃដីក្រុងទាំងមូលរងនូវផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ ។

ក្រុមអ្នកជួយសង្គ្រោះ កំពុងតែបន្តជួយសង្គ្រោះពលរដ្ឋ ដែលងាយរងគ្រោះ និងបើកប្រតិបត្តិការរុករកជនរងគ្រោះ ដែលនៅកប់ក្រោមគំនរបាក់បែក នៅកន្លែងកើតហេតុទាំងនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top