បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិក នៅតែបន្តជំរុញឲ្យលុបបំបាត់ ទាំងស្រុង នូវកម្មវិធីអាវុធនុយក្លេអ៊ែ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។
ថ្លែងនៅក្នុងកម្មវិធីមួយនៅហាវ៉ៃ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានមានប្រសាសន៍ថា យោធាសហរដ្ឋអាមេរិក មានទំនួលខុសត្រូវរក្សាការត្រៀមលក្ខណៈឲ្យរួចរាល់ក្នុងការប្រឆាំងនឹងកូរ៉េខាងជើង ប៉ុន្តែលោកបន្ថែមថា កិច្ចការការទូត គឺជាមធ្យោបាយឆ្ពោះទៅរកដំណោះស្រាយការជាប់គាំង ជាមួយនឹងទីក្រុងព្យុងយ៉ាង។
គួរបញ្ជាក់ថា ចំណែករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pomeo ធ្លាប់បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង នឹងមិនឃើញការលើកលែង ទណ្ឌកម្មសេដ្ឋកិច្ចណាមួយទេ រហូតដល់បានបង្ហាញនូវ ការលុបបំបាត់នុយក្លេអ៊ែទាំងស្រុង៕ ប្រែសម្រួល៖ប៉ាង កុង
