បរទេស៖ ទីក្រុង Kenosha របស់សហរដ្ឋអាមេរិក បានក្លាយជាចំណុចក្តៅមួយ ផ្សេងទៀតសម្រាប់ការធ្វើបាតុកម្មដោយ ហិង្សាបន្ទាប់ពីវីដេអូបានលេចចេញ តាមអ៊ិនធរណេត របស់ប៉ូលីសស្បែកសបានបាញ់បុរស ស្បែកខ្មៅម្នាក់ឈ្មោះ Jacob Blake ចំនួន៧គ្រាប់ ពីខាងក្រោយខ្នង។ ឧប្បត្តិហេតុនេះបានបង្កឱ្យមានបាតុកម្មទ្រង់ទ្រាយធំ បង្កជាអំពើហិង្សាការលួចដុត និងលួចប្លន់ដែលធ្វើឱ្យអភិបាលរដ្ឋ Wisconsin ប្រកាសអាសន្ន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លេខាធិការសារព័ត៌មាន សេតវិមានលោកស្រី Kayleigh McEnany បានលើកឡើងដោយដកស្រង់ សម្តីដោយលោក Edward Keenan ប្រធានការិយាល័យប្រចាំ Toronto Star Washington ថា រដ្ឋបាលលោក ត្រាំ បានពង្រាយកងទ័ពឆ្មាំជាតិជិត ១ ០០០ នាក់និងបុគ្គលិកអនុវត្តច្បាប់សហព័ន្ធជាង ២០០ នាក់ ដែលរួមមាន FBI និង តម្រួត US Marshals ទៅកាន់រដ្ឋ Wisconsin ដើម្បីជួយទប់ស្កាត់ភាពចលាចលដែលលាតសន្ធឹងលើទីក្រុង Kenosha បន្ទាប់ពីការបាញ់ទៅលើលោក Jacob ។
សូមជម្រាបថា នៅមុននេះក្រសួងយុត្តិធម៌អាមេរិក បាននិយាយថា ភ្នាក់ងារសហព័ន្ធជាង ២០០ នាក់ត្រូវបានបញ្ជូនទៅ ទីក្រុង Kenosha ដោយសារតែការតវ៉ាដែលកំពុងបន្ត៕ ប្រែសម្រួលៈ ណៃ តុលា