បរទេស៖ មន្ត្រីនាំពាក្យ ក្រសួងការពារជាតិចិន លោក Wu Qian នៅថ្ងៃព្រហស្បតិ៍ ក្នុងសន្និសីទកាសែតប្រចាំខែមួយថា យោធារបស់ប្រទេសចិន នឹងមិនរាំតាមចង្វាក់ភ្លេងរបស់អាមេរិក ឬក៏អនុញ្ញាតឲ្យអាមេរិក បង្កបញ្ហានោះទេ។
ស្របពេលមានភាពតានតឹង កំពុងកើនឡើង រវាងយោធាទាំងពីរប្រទេសនោះ លោក Wu Qian បាននិយាយថា ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិក អាចចាត់វិធានការជាក់ស្តែង ដើម្បីបង្កើតបរិយាកាសវិជ្ជមាន សម្រាប់ការផ្លាស់ប្តូរកម្រិតខ្ពស់ រវាងយោធាទាំងពីរ។
គួរបញ្ជាក់ថា ប្រទេសចិន នៅពេលថ្មីៗនេះ បានបាញ់តេស្តសាកល្បងមីស៊ីល ចំនួនពីរគ្រាប់ ដែលមួយគ្រាប់ ត្រូវបានគេរចនាផលិតឡើង សម្រាប់វាយប្រហារនាវាផ្ទុកយន្តហោះ ក្នុងខណៈដែលនាវាចម្បាំងថ្មីរបស់ខ្លួន បានបញ្ចប់ការសាកល្បង ធ្វើដំណើរលើផ្ទៃសមុទ្រ ជាលើកដំបូង៕ ប្រែសម្រួល៖ប៉ាង កុង
