បរទេស៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ភាពអាចកើតមានជម្លោះដោយចៃដន្យ កំពុងតែកើនឡើង ព្រោះតែភាពតានតឹង នៅដែនសមុទ្រចិនខាងត្បូង និងនៅជុំវិញកោះតៃវ៉ាន់ ហើយទំនាក់ទំនងត្រូវតែរក្សា ដើម្បីកាត់បន្ថយហានិភ័យនៃការគិតខុស។
លោកស្រី ត្សៃ អ៊ីងវិន បាននិយាយប្រាប់វេទិការៀបចំ ឡើងដោយវិទ្យាស្ថានគោលនយោបាយ យុទ្ធសាស្ត្រអូស្ត្រាលីថា “ហានិភ័យនៃជម្លោះ តម្រូវឲ្យមានការគ្រប់គ្រង ដោយប្រុងប្រយ័ត្ន ដោយភាគីពាក់ព័ន្ធទាំងអស់ យើងរំពឹងនិងសង្ឃឹមថា ទីក្រុងប៉េកាំងនឹងបន្តអនុវត្ត ការអត់ធ្មត់ប្រកាន់ខ្ជាប់ជាមួយ កាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាមហាអំណាចក្នុងតំបន់ដ៏ធំមួយ”។
ភាគតានតឹងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា កំពុងស្ថិតនៅក្នុងចំណុចដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនទសវត្ស ដោយការមិនទុកចិត្តកាន់តែខ្លាំងនិងការរង្កៀសចិត្តគ្នា ជុំវិញមេរោគកូរ៉ូណា ការចោទប្រកាន់របស់អាមេរិក ពីការអនុវត្តជំនួញមិនស្មើភាព និងជម្លោះនៅជុំវិញទីក្រុងហុងកុង ដែនសមុទ្រចិនខាងត្បូងនិងតៃវ៉ាន់ ៕
ប្រែសម្រួល៖ ប៉ាង កុង
