ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ ថ្កោលទោសការគម្រាមកំហែង របស់ចិនចំពោះ ប្រធានព្រឹទ្ធសភាឆែក

បរទេស៖ អ្នកនយោបាយជាន់ខ្ពស់តៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការគម្រាមកំហែងរបស់ចិន ជុំវិញដំណើរទស្សនកិច្ច ធ្វើឡើងដោយប្រធាន ព្រឹទ្ធសភាសាធារណរដ្ឋឆែក មកកាន់តៃវ៉ាន់ គឺហាក់ដូចជាខ្យល់រដូវរងារ ដ៏ត្រជាក់សោះកក្រោះ និងផ្ទុយទៅនឹងពាក្យពេចន៍ដ៏សុភាពរាបសា ដែលលោកប្រធានព្រឹទ្ធសភាបាននិយាយ ក្នុងខណៈកំពុងនៅកោះតៃវ៉ាន់។

ប្រទេសចិន ដែលអះអាងកោះតៃវ៉ាន់ថា ជាទឹកដីមួយផ្នែករបស់ខ្លួននោះ បានធ្វើការថ្កោលទោសចំពោះ ប្រធានព្រឹទ្ធសភាសាធារណរដ្ឋឆែក គឺលោក Milos Vystrcil សម្រាប់ដំណើរទស្សនកិច្ចនៅតៃវ៉ាន់ ហើយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយក្នុងសប្ដាហ៍នេះថា លោក Milos Vystrcil នឹងបង់តម្លៃដ៏ធ្ងន់ធ្ងរ ចំពោះដំណើរទស្សនកិច្ច កោះកាន់លទ្ធិប្រជាធិបតេយ្យនោះ។

គួរបញ្ជាក់ថា សាធារណរដ្ឋឆែក ដូចទៅនឹងប្រទេសភាគច្រើនដែរ គឺគ្មានចំណងមិត្តភាពការទូតផ្លូវការ ជាមួយកោះតៃវ៉ាន់ទេ។ ប្រទេសចិនទាមទារឲ្យប្រទេសនានា ដែលខ្លួនមានចំណងមិត្តភាពជាមួយ ឲ្យទទួលព្រមថា កោះតៃវ៉ាន់ គឺជាប្រទេសចិនតែមួយ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top