បរទេស៖ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ អាចនឹងបែកចេញគោលការណ៍ថ្មីស្តីពីសិទ្ធិមនុស្សនៅកូរ៉េខាងជើង ក្រោយប៉ុន្មានសប្ដាហ៍បន្ទាប់ពីមានការធ្វើការថ្កោលទោសរិះគន់ ចំពោះក្រុមរត់ចោលប្រទេសកូរ៉េខាងជើង ចូលរួមធ្វើសកម្មភាពប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។
មន្ត្រីមួយរូបមកពីក្រសួងបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូល បាននិយាយប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រម្សិលមិញនេះថា រដ្ឋាភិបាលកំពុងតែព្យាយាមអនុវត្តដោយស្មោះត្រង់ នូវច្បាប់សិទ្ធិមនុស្សកូរ៉េខាងជើងឆ្នាំ២០១៦ និងកំពុងតែធ្វើការងារជាមួយអង្គការក្រៅរដ្ឋាភិបាល លើការជំរុញការពារសិទ្ធិ។
មន្ត្រីក្រសួងកូរ៉េខាងត្បូងរូបនោះ ក៏បាននិយាយផងដែរថា ទីក្រុងសេអ៊ូលបន្តចូលរួមក្នុងសេចក្តីសម្រេចស្តីពីកូរ៉េខាងជើង នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ និងនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអន្តររដ្ឋាភិបាល។ ប៉ុន្តែកាលពីឆ្នាំមិញនេះ កូរ៉េខាងត្បូង បានជ្រើសយកកិច្ចសហការគាំទ្រដោះស្រាយលើបញ្ហាសិទ្ធិមនុស្សនៅមហាសន្និបាតអង្គការសហប្រជាជាតិ ដោយលើកឡើងពីកាលៈទេសៈលើឧបទ្វីបកូរ៉េ៕
ប្រែសម្រួល៖ប៉ាង កុង