បរទេស៖ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Robert O’Brien បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានបង្ហាញប្រាប់រុស្ស៊ី នូវក្តីព្រួយបារម្ភរបស់ខ្លួន ជុំវិញឧប្បតិ្តហេតុមួយនៅក្នុងប្រទេសស៊ីរី ដែលកងទ័ពអាមេរិកមួយចំនួនបានរងរបួស ក្នុងខណៈដែលរថយន្តយោធារុស្ស៊ីមួយគ្រឿង បានបុកគ្នាជាមួយរថយន្តពួកគេ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Robert O’Brien បាននិយាយប្រាប់សន្និសីទកាសែតមួយនៅសេតវិមានដូច្នេះថា “វាត្រូវបានទំនាក់ទំនងទៅពួកគេ (រុស្ស៊ី) យ៉ាងច្បាស់លាស់ គឺវាត្រូវបានទំនាក់ទំនងទៅក្នុងកម្រិតដ៏សមស្រប”។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែសីហាកន្លងទៅ រថយន្តកងទ័ពរុស្ស៊ីមួយគ្រឿង បានបុកគ្នាជាមួយរថយន្តល្បាតកងទ័ពសហរដ្ឋអាមេរិក បណ្ដាលឲ្យកងកម្លាំងអាមេរិក៤នាក់របួស ហើយហេតុការណ៍នេះ បានកើតមានឡើងនៅក្នុងតំបន់ភាគខាងកើតរបស់ប្រទេសស៊ីរី៕
ប្រែសម្រួល៖ប៉ាង កុង