ព័ត៌មានអន្តរជាតិ

អាមេនី និងរុស្សី ចាប់ផ្តើមធ្វើសមយុទ្ធ យោធារួមគ្នា

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ បានឲ្យដឹងថា ប្រទេសអាមេនីបានចាប់ផ្តើម ធ្វើសមយុទ្ធយោធាហើយ ជាមួយនឹងយោធានៃ ប្រទេសរុស្សីនៅក្នុងតំបន់ Gyumi ស្ថិតនៅភាគខាងជើង នៃប្រទេសអាមេនី។

យោងតាមរបាយការណ៍ ពីសារព័ត៌មានក្នុងស្រុក Armenpress បានបញ្ជាក់ទៀតថា កងទ័ពបានធ្វើការហ្វឹកហាត់ ដែលរួមមានទាំងការបើកបរ រថពាសដែកពេលថ្ងៃ និងពេលយប់ក៏ដូចជា ការធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយប្រើអាវុធកាំភ្លើងត្បាល់ រថក្រោះកាំភ្លើងធំ និងកាំភ្លើងយន្តប្រឆាំង យន្តហោះផងដែរ។

គួរឲ្យដឹងដែរថាទាហានប្រហែល ១០០០នាក់ មកពីតំបន់យោធាភាគខាងត្បូងរុស្ស៊ី និងគ្រឿងបរិក្ខារយោធា ៣០០ គ្រឿងរួមមានយន្ដហោះចម្បាំង យន្ដហោះយោធាផ្សេងទៀត និងយន្តហោះគ្មានមនុស្សបើក បានចូលរួមក្នុងសមយុទ្ធនេះផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top