ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីសេដ្ឋកិច្ច អាល្លឺម៉ង់មានមន្ទិល សង្ស័យអំពីទណ្ឌកម្ម លើរុស្ស៊ី

បរទេស៖រដ្ឋមន្ត្រី សេដ្ឋកិច្ចអាល្លឺម៉ង់ លោក Peter Altmaier តាមសេចក្តីរាយការណ៍ មានមន្ទិលសង្ស័យថា ការដាក់ទណ្ឌកម្មលើ ប្រទេសនានា ដូចជាប្រទេសរុស្ស៊ីជាដើម គឺមានប្រសិទ្ធភាពដែរឬអត់ ស្របពេលមានការជជែក វែកញែកគ្នាកើនខ្លាំងឡើង ថាតើត្រូវផ្អាកដាក់បំពង់ទុយយោ Nord Stream 2 ពីរុស្ស៊ីទៅអាល្លឺម៉ង់ ជុំវិញការបំពុលអ្នករិះគន់វិមានក្រឹមឡាំងដែរឬទេ។

ថ្លែងនៅក្នុងកម្មវិធីពិភាក្សា ARD លោក Peter Altmaier បានធ្វើការថ្កោលទោស ការបំពុលលោក Alexei Navalny ថាជាការប៉ុនប៉ងធ្វើឃាតដ៏កំសាក លើប្រជាពលរដ្ឋរុស្ស៊ីមួយរូប នៅក្នុងប្រទេសរុស្ស៊ី និងបាននិយាយថា កាលៈទេសៈត្រូវតែជំរះឲ្យច្បាស់។
យោងតាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់រូបនេះ បាននិយាយបន្តយ៉ាងដូច្នេះថា “យើងចាំបាច់ត្រូវតែបញ្ជាក់ឲ្យច្បាស់ នូវអ្វីដែលយើងកំពុងតែព្យាយាមសម្រេចឲ្យបាន ដោយទណ្ឌកម្មរបស់យើង។ តើវាគ្រាន់តែជាបញ្ហានៃការសម្លឹងមើលក្នុងកញ្ចក់ ឬក៏វាជារឿងវិជ្ជមានសម្រាប់សិទ្ធិមនុស្ស?” ប្រែសម្រួល៖ប៉ាង កុង

To Top