បរទេស៖ មន្ត្រីជាន់ខ្ពស់សេតវិមាន មួយរូបបាននិយាយ នៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងរៀបចំពិធីចុះហត្ថលេខានៅថ្ងៃទី១៥ ខែកញ្ញាខាងមុខ សម្រាប់កិច្ចព្រមព្រៀងតំបន់មជ្ឈិមបូព៌ា ដែលធ្វើឲ្យមានភាពប្រក្រតីឡើងវិញ នូវចំណងមិត្តភាពរវាងអ៊ីស្រាអែល និងសហភាពអារ៉ាប់រួម។
ថ្លែងក្នុងលក្ខ្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់សេតវិមានរូបនេះ ក៏បាននិយាយផងដែរថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្ត្រីការបរទេសសហភាពអារ៉ាប់រួម លោក Sheikh Abdullah bin Zayed al-Nahyan នឹងដឹកនាំគណៈប្រតិភូចូលរួមក្នុងកម្មវិធីនេះ។
លោក ត្រាំ និងមន្ត្រីរដ្ឋបាលផ្សេងទៀត នាពេលថ្មីៗនេះ បាននិយាយថា ពួកគេរំពឹងថា ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសដទៃទៀតធ្វើការអនុវត្តតាម ក្នុងការទទួលស្គាល់ ប្រទេសអ៊ីស្រាអែលផងដែរ។
គួរបញ្ជាក់ថា លោក Jared Kushner ទីប្រឹក្សាជាន់ខ្ពស់របស់លោក ត្រាំ និងមន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិកផ្សេងទៀត បានអមដំណើរជាមួយ គណៈប្រតិភូអ៊ីស្រាអែល កាលពីសប្ដាហ៍មុន ក្នុងជើងហោះហើរដំបូងពីអ៊ីស្រាអែល ទៅកាន់សហភាពអារ៉ាប់រួម ដើម្បីអបអរកិច្ចព្រមព្រៀងនោះ ៕
ប្រែសម្រួល៖ ប៉ាង កុង