ព័ត៌មានអន្តរជាតិ

ក្រិក៖ សហភាពអឺរ៉ុប ត្រូវតែពិចារណាដាក់ ទណ្ឌកម្មធ្ងន់ធ្ងរលើតួកគី

បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសក្រិក បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ថ្នាក់ដឹកនាំសហភាពអឺរ៉ុប គួរតែដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ លើប្រទេសតួកគី សម្រាប់រយៈពេលមានកំណត់មួយ ប្រសិនបើទីក្រុងអង់ការ៉ា មិនដកនាវាយោធា និងនាវាខួងឧស្ម័នរបស់ខ្លួន ចេញពីដែនទឹកក្បែរកោះស៊ីប។

លោក Miltiadis Varvitsiotis បាននិយាយប្រាប់ គណៈកម្មាធិការកិច្ចការ បរទេសរបស់សភាអឺរ៉ុបថា “ទណ្ឌកម្មគួរតែដាក់សម្ពាធនេះឲ្យធ្ងន់ធ្ងរ សម្រាប់រយៈពេលមានកំណត់ ប៉ុន្តែធ្ងន់ធ្ងរក្នុងគោលបំណងផ្ញើសារថា អឺរ៉ុបនៅទីនេះដើម្បីចរចាគ្នា ប៉ុន្តែក៏នៅទីនេះ ដើម្បីការពារតម្លៃរបស់ខ្លួនផងដែរ”។

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍ ថ្នាក់ដឹកនាំសហភាពអឺរ៉ុប នឹងប្រារព្ធធ្វើជំនួបកំពូលពិសេសមួយ នៅថ្ងៃទី២៤ដល់ថ្ងៃទី២៥ ខែកញ្ញា ដើម្បីពិភាក្សាគ្នាអំពីវិធីដោះស្រាយ វិបត្តិរវាងកោះស៊ីបនិងប្រទេសតួកគី ជុំវិញរឿងធនធានថាមពល នៅក្នុងសមុទ្រមេឌីទែរ៉ានេភាគខាងកើត ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×