បរទេស ៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានដាក់ទណ្ឌកម្មលើសមាជិករដ្ឋសភា អ៊ុយក្រែន ដែលគាំទ្ររុស្ស៊ីមួយរូប ជាប់ពាក់ព័ន្ធនឹង កិច្ចប្រឹងប្រែង របស់គណបក្សសាធារណរដ្ឋ ជីកកកាយពីភាពមិនច្បាស់លាស់លើបេក្ខភាពប្រធានាធិបតី មកពីគណបក្សលទ្ធិប្រជាធិបតេយ្យ គឺលោក Joe Biden និងកូនប្រុសរបស់លោក ដោយចោទពីបទព្យាយាមជ្រៀតជ្រែក ក្នុងការបោះឆ្នោតអាមេរិក ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានចុះបញ្ជីខ្មៅលើសមាជិក រដ្ឋសភាអ៊ុយក្រែន លោក Andriy Derkach ដែលត្រូវចោទប្រកាន់ថា ជាភ្នាក់ងារដ៏សកម្មរបស់រុស្ស៊ី អស់រយៈពេលជាង១ទសវត្ស ប្រើប្រាស់ឧបាយកល និងការបោកបញ្ឆោត ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីជះឥទ្ធិពលអាក្រក់ដល់ការបោះឆ្នោត នៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក ។
នៅពេលភ្លាមៗនេះ លោក Andriy Derkach តាមសេចក្តីរាយការណ៍ នៅមិនទាន់ឆ្លើយតបសារសុំការអត្ថាធិប្បាយជុំវិញរឿងនេះ នៅឡើយនោះទេ ប៉ុន្តែលោកធ្លាប់ប្រាប់ទីភ្នាក់ងារ សារព័ត៌មាន Politico កាលពីខែកក្កដាថា វាជារឿងគ្មានបានការ ដែលលោកត្រូវព្យាយាមទៅជ្រៀតជ្រែក ក្នុងការបោះឆ្នោតអាមេរិកនោះ៕
ប្រែសម្រួល៖ប៉ាង កុង