ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងជើង ចុះត្រួតពិនិត្យតំបន់រងគ្រោះ ដោយទឹកជំនន់ ជាលើកទី២

បរទេស៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េ (KCNA) បានផ្សាយថា លោកគីម ជុនអ៊ុន បានទៅត្រួតពិនិត្យទីតាំងសាងសង់ឡើងវិញនៃតំបន់ Taechong-ri ដែលលិចទឹកដោយទឹកជំនន់ នៅក្នុងតំបន់ Unpha ហើយបានយល់អំពីវឌ្ឍនភាពនិងផែនការនៃការកសាងឡើងវិញ។

យោងតាមសារព័ត៌មាន KCNA ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នេះជាលើកទី ២ ក្នុងរយៈពេលប្រហែលមួយខែ ដែលគីមបានមកលេងភូមិរងគ្រោះដោយទឹកជំនន់។ ដំណើរទស្សនកិច្ចលើកមុន បានធ្វើឡើងនៅដើមខែសីហា បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបណ្តាលទឹកព្រែកឡើងខ្លាំង និងបានធ្វើឱ្យផ្ទះជាង ៩០០ ខ្នងត្រូវទឹកជន់លិចឬបំផ្លាញនិងវាលស្រែ ៦០០ ហិកតាលិចលង់។

ដំណើរទស្សនកិច្ចនេះត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកគីម ដើម្បីបង្ហាញពីមុខមាត់របស់លោកក្នុងនាមជាមេដឹកនាំ យកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាជនសាមញ្ញ។ ក្នុងដំណើរទស្សនកិច្ចកាលពីខែមុន លោកគីមបានបញ្ជាឱ្យមន្រ្តីបញ្ជូនគ្រាប់ធញ្ញជាតិពិសេសរបស់គាត់ទៅឱ្យជនរងគ្រោះដោយទឹកជំនន់និងជួយសម្រួលដល់ការប្រើប្រាស់សម្ភារៈចាំបាច់។

នៅថ្ងៃសៅរ៍សារព័ត៌មាន KCNA បានផ្សាយថា លោកគីមជុនអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង បានបង្ហាញនូវសេចក្តីរីករាយជាមួយនឹងការរីកចម្រើននៃកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ។

លោកគីមក៏បានអំពាវនាវដល់មន្រ្តីនិងកម្មករនៅក្នុងវិស័យកសិកម្ម ឱ្យខិតខំប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់ដល់ដំណាំឱ្យបានតិចបំផុតនិងបង្កើនទិន្នផលឱ្យបានសមស្របនិងទទួលខុសត្រូវ៕

To Top