ព័ត៌មានអន្តរជាតិ

លោក Pompeo៖ រដ្ឋបាលលោក ត្រាំ ចង់ឲ្យបញ្ចប់ ការប្រេះឆាគ្នា នៅតំបន់ឈូងសមុទ្រ

បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃចន្ទសប្ដាហ៍នេះ បានសង្កត់ធ្ងន់ឲ្យមានដំណោះស្រាយចំពោះការប្រេះឆាគ្នារយៈពេល៣ឆ្នាំ រវាងប្រទេសកាតានិងប្រទេសអារ៉ាប៊ីសាអូឌីត សហភាពអារ៉ាប់រួម បារ៉ែននិងអេហ្ស៊ីប ដោយលោកនិយាយថា រដ្ឋបាលលោក ត្រាំ មានបំណងចង់ឃើញវាត្រូវបានដោះស្រាយ។

ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រសួងការបរទេសមួយ ជាមួយលោក Sheikh Mohammed bin Abdulrahman Al-Thani ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសកាតា លោក Mike Pompeo បានមានប្រសាសន៍ថា វាមានសារៈសំខាន់ណាស់ដែលផ្តោតលើការប្រឆាំងនឹងសកម្មភាពនានារបស់អ៊ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ា។

លោករដ្ឋមន្ត្រីការបរទេសអាមេរិក តាមសេចក្តីរាយការណ៍ បានថ្លែងដូច្នេះថា “ដើម្បីរក្សាការផ្តោតរបស់យើងលើការងារនេះ និងដើម្បីបិទទ្វារចំពោះការជ្រៀតជ្រែកកើនឡើងរបស់អ៊ីរ៉ង់នោះ វាជាពេលដែលត្រូវស្វែងរកដំណោះស្រាយចំពោះការប្រេះឆាគ្នានៅតំបន់ឈូងសមុទ្រ។ រដ្ឋបាលលោក ត្រាំ ចង់ឃើញជម្លោះនេះត្រូវបានដោះស្រាយ និងបើកឡើងវិញ នូវព្រំដែនអាកាសនិងផ្លូវគោករបស់កាតា ដែលបច្ចុប្បន្នត្រូវបានបិទដោយប្រទេសឈូងសមុទ្រដទៃ។ ខ្ញុំរំពឹងរង់ចាំភាពវិវត្តរីកចម្រើន លើបញ្ហានេះ”៕ប្រែសម្រួល៖ប៉ាង កុង

To Top