ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ចំពោះគម្រោង តារាសាគរ នៅកម្ពុជា

វ៉ាស៊ីនតោន/ភ្នំពេញ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារទី ១៥ ខែកញ្ញាបានដាក់ក្នុងបញ្ជីខ្មៅ ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍កំពង់ផែចិន, អាកាសយានដ្ឋាន និងកន្លែងកម្សាន្តនៅប្រទេសកម្ពុជា ដោយនិយាយថា ក្រុមហ៊ុននេះបានសាងសង់លើដី ដែលរឹបអូសយកពីប្រជាជនក្នុងតំបន់ ហើយមាន “ របាយការណ៍ដែលគួរឱ្យទុកចិត្ត” ដែលវាអាចត្រូវបានប្រើដើម្បីទទួលយោធាចិន។ 

យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុន Union Development Group កំពុងសាងសង់អាគាររបស់គម្រោង តារាសាគរ ដ៏ធំនៅក្នុងឧទ្យានជាតិមួយ នៅឆ្នេរសមុទ្រកម្ពុជា ដែលមានផ្លូវរត់យន្តហោះដែលមាន សមត្ថភាពទទួលយន្តហោះខ្នាតធំៗ មួយចំនួនរបស់ពិភពលោក។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ពិពណ៌នាថា វាជាគម្រោងអភិវឌ្ឍន៍ក្នុងតំបន់ធំជាងគេបំផុត នៅក្នុងគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវសកលរបស់ប្រទេសចិន។ ក្រុមហ៊ុន និងរដ្ឋាភិបាលកម្ពុជា បានបដិសេធម្តងហើយម្តងទៀត នូវរបាយការណ៍របស់បណ្តាញព័ត៌មាន លោកខាងលិចថា គម្រោងនេះមានគោលដៅយោធា។

រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo បាននិយាយថា មាន“ របាយការណ៍គួរឱ្យទុកចិត្ត” ដែលថា គម្រោង តារាសាគរ“ អាចត្រូវបានប្រើសម្រាប់ គោលបំណងយោធាចិន” ។ លោកបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ បើដូច្នេះ (នេះ) នឹងប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ហើយអាចគំរាមកំហែងដល់ស្ថិរភាពឥណ្ឌូ – ប៉ាស៊ីហ្វិក ដែលអាចប៉ះពាល់ដល់អធិបតេយ្យភាពរបស់កម្ពុជា និងសន្តិសុខរបស់សម្ព័ន្ធមិត្តរបស់យើង” ។

ចំណែក ក្រសួងរតនាគារសហរដ្ឋអាមេរិក បានពិពណ៌នាថា ក្រុមហ៊ុននេះជាក្រុមហ៊ុន គ្រប់គ្រងដោយរដ្ឋរបស់ចិន ហើយបាននិយាយថា វាបានចុះបញ្ជីមិនត្រឹមត្រូវក្នុងនាម ជាកម្មសិទ្ធិរបស់ជនជាតិកម្ពុជា ដើម្បីទទួលបានដីសម្រាប់គម្រោងនេះ។

គម្រោងដែលផ្តល់មូលនិធិ ដោយក្រុមហ៊ុននេះបាន“ បង្ខំប្រជាជនកម្ពុជាចេញពីដីរបស់ពួកគេ និងបំផ្លាញបរិស្ថាន ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់សហគមន៍មូលដ្ឋាន” ។

យ៉ាងណាក៏ដោយ ខាងក្រុមហ៊ុនចិន Union Development Group មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយភ្លាមៗទេ។ ចំណែកតំណាងរដ្ឋាភិបាលកម្ពុជា និងស្ថានទូតចិន នៅទីក្រុងវ៉ាស៊ីនតោន ក៏មិនបានឆ្លើយតបភ្លាមៗណាមួយនោះដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top