បរទេស៖ ទាំងឥណ្ឌានិងចិនបានប្រមូលផ្តុំកងទ័ពនៅក្នុងទឹកដី ហិម៉ាល័យនៃតំបន់ Ladakh ដែលជាកន្លែងដែលគូប្រជែងទាំងពីរ ប៉ះទង្គិចគ្នាកាលពី៥ ខែមុន។ ការដាក់ពង្រាយកាំភ្លើងធំ និងភ័ស្តុភារយោធា នៅតែបន្តខណៈពេលដែលកិច្ចពិភាក្សាការទូតកំពុងដំណើរការដើម្បីដោះស្រាយភាពតានតឹង។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលដែលភាពតានតឹងនៅតែបន្តកើនឡើងរវាងគូប្រជែង ដែលមានអាវុធនុយក្លេអ៊ែរ, ប្រទេសចិនបានបង្កើនចំនួនកងទ័ពចំនួន ១ ម៉ឺននាក់បន្ថែមទៀត ចាប់តាំងពីមួយសប្តាហ៍មុនមកម្លេះ នៅតាមបណ្តោយបន្ទាត់នៃការត្រួតពិនិត្យជាក់ស្តែង (LAC) នៅ Ladakh ។
ការបញ្ជូនបន្ថែមនៃកងទ័ពរំដោះប្រជាជន (PLA) ទៅកាន់ព្រំដែន បានធ្វើឱ្យកងទ័ពចិនដាក់ពង្រាយប្រមាណកងទ័ពសរុបប្រមាណ ៥២ ០០០ នាក់ ជាមួយនឹងយន្ដហោះចម្បាំង ១៥០ និងមីស៊ីលបាញ់ទៅលើអាកាស។
សូមជម្រាបថា កងទ័ពទាំង ១០,០០០ នាក់ត្រូវបានបញ្ជូនទៅឆ្នេរខាងត្បូងបឹង Pangong Lake ដែលធ្លាប់មានការប៉ះទង្គិចគ្នារវាងកងទ័ព និងស្ថានការណ៍យោធាកាន់តែខ្លាំងឡើង ៗ ។ ការវិវឌ្ឍន៍ទាំងនេះបានកើតឡើងភ្លាមៗបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការពារជាតិ និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ បានឯកភាពគ្នារក្សាសន្តិភាពនិងភាពស្ងប់ស្ងាត់នៅតាមព្រំដែន ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់ពួកគេ នៅទីក្រុងមូស្គូនៅថ្ងៃទី ៤ ខែកញ្ញា និងថ្ងៃទី ១០ ខែកញ្ញារៀងៗខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា