ការ៉ាកាស៖ សារពត៌មានបរទេសនៅថ្ងៃព្រហស្បតិ៍នេះ បានចេញផ្សាយថាមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានធ្វើការប្រកាសច្រានចោល ការអះអាងដែលថារដ្ឋាភិបាលរបស់ខ្លួនបានបញ្ជូន ពលរដ្ឋសញ្ជាតិអាមេរិកម្នាក់ទៅកាន់ ប្រទេសវេណេស៊ុយអេឡា ដែលជាកន្លែងដែលគាត់ត្រូវបានចោទប្រកាន់ ពីបទរៀបចំផែនការវាយប្រហារភេរវកម្ម។
រំលឹកដែរថាកាលពីប៉ុន្មានថ្ងៃមុន អាជ្ញាធរវេណេស៊ុយអេឡា បាននិយាយថាពួកគេបានចាប់ខ្លួនបុរសម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះថា Matthew John Heath ដោយរួមមានទាំងគ្រឿងអាវុធ និងសាច់ប្រាក់មួយចំនួន។ ពួកគេបាននិយាយទៀតថាបុរសរូបនេះបាននឹង កំពុងរៀបចំផែនការវាយប្រហារលើទីតាំងយោធា រោងចក្រចម្រាញ់ប្រេង និងសេវាកម្មអគ្គិសនី នៃប្រទេសវេណេស៊ុយអេឡា។
ទោះបីជាយ៉ាងណាក្តីតំណាងពិសេស របស់សហរដ្ឋអាមេរិក សម្រាប់វេណេស៊ុយអេឡាលោក Elliott Abrams បានធ្វើអត្ថាធិប្បាយជាសាធារណៈលើកដំបូង អំពីការចាប់ខ្លួននេះហើយដោយបានបដិសេធថា មិនមានការពាក់ព័ន្ធណាមួយពីសំណាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនឡើយ៕
ប្រែសម្រួល៖ស៊ុនលី