បរទេស៖ នៅក្នុងសុន្ទរកថានាថ្ងៃអង្គារ នៅក្នុងពិធីមហាសន្និបាតលើទី៧៥ របស់អង្គការសហប្រជាជាតិ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសប្រទេសចិន សម្រាប់ការឆ្លើយតបរបស់ប្រទេសនេះ ចំពោះជម្ងឺកូវីដ១៩ ក្នុងសប្ដាហ៍ដំបូងៗ នៃការរាតត្បាត។
លោក ត្រាំ បាននិយាយយ៉ាងដូច្នេះថា “រដ្ឋាភិបាលចិន និងអង្គការសុខភាពពិភពលោក ដែលជាក់ស្តែងត្រូវចិនគ្រប់គ្រងបាននោះ បានប្រកាសយ៉ាងខុសឆ្គងថា គ្មានភស្តុតាងនៃការឆ្លងពី មនុស្សទៅមនុស្សនោះទេ ហើយអង្គការសហប្រជាជាតិ ត្រូវតែឲ្យប្រទេសចិនទទួលខុសត្រូវ ចំពោះទង្វើរបស់ពួកគេ”។
ចំណែកឯកអគ្គរដ្ឋទូតចិន ប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំនៃប្រទេសរបស់លោក បានបដិសេធដាច់ខាត ចំពោះការចោទប្រកាន់ប្រទេសចិន ដោយគ្មានមូលដ្ឋានច្បាស់លាស់នេះ ហើយលោក បង្ហាញនូវសេចក្តីថ្លែងការណ៍ពីមុន របស់លោកប្រធានាធិបតី ស៊ី ជីនពីង ផ្តល់ឲ្យមហាសន្និបាតអង្គការសហប្រជាជាតិ ៕
ប្រែសម្រួល៖ ប៉ាង កុង