ព័ត៌មានអន្តរជាតិ

ករណីឆេះរោងចក្រ ផលិតស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នៅចិន សេចក្តីរាយការណ៍បឋម បណ្តាលឲ្យស្លាប់០៣នាក់

សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរក្នុងស្រុក បានរាយការណ៍ថា មានពលរដ្ឋចំនួន០៣នាក់បានរកឃើញថា បាត់បង់ជីវិត បន្ទាប់ពីមានអគ្គីភ័យមួយបានឆាបឆេះចេញពីខាងក្នុងរោងចក្ររបស់ក្រុមបច្វេកវិទ្យាយក្សរបស់ចិន គឺ Huawei Technologies នៅក្រុង Dongguan ស្ថិតនៅភាគខាងត្បូងប្រទេស កាលពីថ្ងៃសុក្រ ។

អគារដែលមានអគ្គីភ័យនោះ គឺនៅជិតនឹងមន្ទីរពិសោធន៍របស់ក្រុមហ៊ុន Huawei ដែលមានរចនាសម្ព័ន្ធដែកថែប ដែលស្ថិតក្នុងដំណាក់កាលកំពុងសាងសង់ ហើយមិនទាន់បានដំណើរការនៅឡើយទេ នៅពេលដែលមានឧប្បត្តិហេតុកើតឡើង ។ គណៈកម្មាធិការគ្រប់គ្រងតំបន់ Songshan Lake នៃក្រុង Dongguan បានឲ្យដឹងដូច្នេះ ។

ក្រោយពីមានករណីអគ្គីភ័យកើតឡើង ក្រុមពន្លត់អគ្គីភ័យបានទប់ស្កាត់មិនឲ្យឆាបឆេះបន្តទៀត កាលពីរសៀលថ្ងៃសុក្រ ។ ក្នុងហេតុការណ៍ឆេះនោះដែរ គេបានដឹងថា សម្ភារៈសំខាន់ៗជាច្រើនបានត្រូវភ្លើងឆេះអស់ ពិសេស សម្ភារៈដែលធ្វើពីវត្ថុទន់ដូចជាកូតុងជាដើម ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top