សេអ៊ូល៖ ការិយាល័យប្រធានាធិបតីបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង នឹងទាមទារឱ្យប្រទេសកូរ៉េខាងជើង អនុវត្តការស៊ើបអង្កេតមួយផ្សេងទៀតចំពោះ ការសម្លាប់មន្ត្រីជលផលក្រុងសេអ៊ូលរបស់ខ្លួន នៅជិតព្រំដែនសមុទ្រ ដែលមានភាពតានតឹងដោយសារតែការពន្យល់របស់កូរ៉េខាងជើង មានភាពខុសគ្នាមួយចំនួនពីទីក្រុងសេអ៊ូល។
នៅថ្ងៃអង្គារកងទ័ពកូរ៉េខាងជើង បានបាញ់សម្លាប់បុរសអាយុ ៤៧ ឆ្នាំ នៅក្នុងដែនទឹករបស់ខ្លួនហើយបានដុតសាកសពរបស់លោកចោលទៀត នេះបើយោងតាមយោធាកូរ៉េខាងត្បូង។ មន្រ្តីរូបនេះបានបាត់ខ្លួនកាលពីថ្ងៃមុន ខណៈពេលដែលលោកកំពុងបំពេញភារកិច្ចនៅក្បែរកោះយ៉ុនប៉ូយុងនៅព្រំដែនសមុទ្រលឿង។
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសុំអភ័យទោសចំពោះឧប្បត្តិហេតុកាលពីថ្ងៃសុក្រនៅក្នុងសារមួយផ្ញើដោយនាយកដ្ឋានរណសិរ្សបង្រួបបង្រួម ដែលជាទីភ្នាក់ងារចារកម្មដ៏សំខាន់មួយ ដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េ។ ក្នុងនោះកូរ៉េខាងជើង បានអះអាងថាអ្វីដែលខ្លួនបានដុតមិនមែនជារូបកាយរបស់ជនរងគ្រោះនោះទេ ប៉ុន្តែជាវត្ថុដែលលោកកំពុងប្រើ ដើម្បីស្នាក់នៅ៕