UN៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលសហរដ្ឋអាមេរិក គួរតែបញ្ឈប់ ការស្តីបន្ទោស ទីក្រុងប៉េកាំង ចំពោះការរីករាលដាល មេរោគឆ្លងវីរុសកូរ៉ូណា និងទទួលខុសត្រូវ ចំពោះវិធីដោះស្រាយ ការផ្ទុះឡើង នៅក្នុងប្រទេសរបស់ខ្លួន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំមួយថ្ងៃមុន ស្តីពីអភិបាលកិច្ចពិភពលោក ក្រោយក្រោយមេរោគកូវីដ១៩ ដែលក្នុងអំឡុងពេលនោះ ឯកអគ្គរដ្ឋទូតអាមេរិក លោកស្រី Kelly Craft បានដកស្រង់ សុន្ទរកថា របស់ប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ នៅឯមហាសន្និបាត ដោយបានអំពាវនាវ ឲ្យប្រទេសចិន ទទួលខុសត្រូវ ចំពោះការបណ្តោយឱ្យ គ្រោះកាចនេះ ចូលទៅក្នុងពិភពលោក។
លោក Zhang Jun បាននិយាយថា “ខ្ញុំត្រូវតែនិយាយថា គ្រប់គ្រាន់ហើយ។ អ្នកបានបង្កើតបញ្ហាគ្រប់គ្រាន់ សម្រាប់ពិភពលោករួចទៅហើយ” ។ សហរដ្ឋអាមេរិក គួរតែយល់ថា ការបរាជ័យរបស់ខ្លួន ក្នុងការដោះស្រាយ មេរោគកូវីដ១៩ គឺជាកំហុសរបស់ខ្លួន ទាំងស្រុង។
ប្រេសិតចិន ប្រចាំនៅអង្គការ សហប្រជាជាតិរូបនេះ បានកត់សម្គាល់ថា មនុស្សជិត ៧ លាននាក់បានឆ្លងវីរុសថ្មី នៅសហរដ្ឋអាមេរិក ហើយជាង ២០០ ០០០ នាក់បានស្លាប់។ លោកបានចោទ ជាសំណួរថា “ជាមួយនឹងបច្ចេកវិទ្យា និងប្រព័ន្ធវេជ្ជសាស្ត្រទំនើបបំផុត នៅលើពិភពលោក ហេតុអ្វីបានជាសហរដ្ឋអាមេរិក ប្រែទៅជាមានករណីឆ្លង និងអ្នកស្លាប់ដែលត្រូវបានគេអះអាង ច្រើនបំផុតបែបនេះ?៕
ប្រែសម្រួលៈ ណៃ តុលា