Covid-19

វ៉ាក់សាំងការពារ មេរោគកូវីដ១៩ របស់អាមេរិក Ad26.COV2.S បង្ហាញប្រសិទ្ធភាព នៃប្រព័ន្ធភាពស៊ាំខ្លាំង

បរទេស៖ របាយការណ៍បណ្តោះអាសន្នមួយ ដែលត្រូវបានចេញផ្សាយ នៅលើគេហទំព័រ វេជ្ជសាស្ត្រ medRxiv បានបង្ហាញថា ក្រុមហ៊ុនផលិតឱសថ និងវេជ្ជសាស្ត្រអាមេរិក Johnson and Johnson ត្រូវបានគេរាយការណ៍ថា បានបង្កើតវ៉ាក់សាំងមួយ ដែលក្នុងការពិសោធដំបូង បង្ហាញនូវភាពស៊ាំខ្លាំង ចំពោះវីរុសកូរ៉ូណា ក្នុងកម្រិតតែមួយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា របាយការណ៍នេះ បាននិយាយកាលពីថ្ងៃសុក្រថា « ទម្រង់សុវត្ថិភាព និងភាពស៊ាំនឹងមេរោគ បន្ទាប់ពីការប្រើតែមួយដង គឺអាចជួយ ដល់ការអភិវឌ្ឍ បន្ថែមនៃវ៉ាក់សាំង Ad26.COV2.S ក្នុងកម្រិត ៥x១០១០ vp ដែលជាវ៉ាក់សាំង ការពារ ដ៏មានសក្តានុពល ប្រឆាំងនឹងមេរោគកូវីដ ១៩ ។ ថ្នាំតែមួយដងនៃ Ad26.COV2.S បានផ្តល់ការឆ្លើយតប យ៉ាងខ្លាំង ចំពោះអ្នកទទួលវ៉ាក់សាំង ភាគច្រើន។

វ៉ាក់សាំង Johnson and Johnson គឺជាទីបួន នៅក្នុងសហរដ្ឋអាមេរិក ដែលបានចូលក្នុងដំណាក់កាលចុងក្រោយ នៃការសាកល្បងព្យាបាល។

ប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ បានសន្យាថា វ៉ាក់សាំងចំនួន ១០០ លានដូសនឹងត្រូវចែកចាយ ទូទាំងសហរដ្ឋអាមេរិក នៅចុងឆ្នាំនេះ។ មុននេះលោក ត្រាំ បានអះអាងថាវ៉ាក់សាំងមួយ អាចមានសម្រាប់ ចែកចាយនៅសហរដ្ឋអាមេរិក មុនការបោះឆ្នោត ប្រធានាធិបតីថ្ងៃទី ៣ ខែវិច្ឆិកា ៕

ប្រែសម្រួលៈ ណៃ តុលា

To Top