ព័ត៌មានអន្តរជាតិ

អាមេរិក និងក្រិកស្នើឲ្យមានដំណោះស្រាយ សន្តិវិធីចំពោះជម្លោះ នៅសមុទ្រមេឌីទែរ៉ានេខាងកើត

បរទេស៖ សហរដ្ឋអាមេរិក និងប្រទេសក្រិក នៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យមានដំណោះស្រាយសន្តិវិធី ចំពោះជម្លោះដែនសមុទ្រនៅ សមុទ្រមេឌីទែរ៉ានេខាងកើត ក្នុងខណៈរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានចាប់ផ្តើមដំណើរទស្សនកិច្ចពីរថ្ងៃ ទៅកាន់ប្រទេសក្រិក ស្របពេលមានភាពតានតឹងកើនឡើង ជុំវិញធនធានថាមពលក្នុងតំបន់។

ក្រោយលោក Mike Pompeo បានជួបជាមួយរដ្ឋមន្ត្រីការបរទេសក្រិក លោក Nikos Dendias នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ សហរដ្ឋអាមេរិកនិងក្រិកបាននិយាយដូច្នេះថា “សហរដ្ឋអាមេរិកនិងប្រទេសក្រិក បានធ្វើការបញ្ជាក់ជាថ្មី នូវជំនឿរបស់ខ្លួនថា បញ្ហាកំណត់ព្រំដែនសមុទ្រ គួរតែត្រូវបានដោះស្រាយដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ”។

គួរបញ្ជាក់ថា ប្រទេសក្រិកនិងប្រទេសតួកគី ដែលទាំងពីរសុទ្ធតែជាសមាជិកអង្គការណាតូ កំពុងតែប្រឈមមុខដាក់គ្នានោះ នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នាបន្តកិច្ចពិភាក្សា ស្វែងរកដំណោះស្រាយ ជុំវិញការអះអាងកម្មសិទិ្ធដែនសមុទ្រមានជម្លោះ ក្រោយមានភាពតានតឹងជាច្រើនសប្ដាហ៍ ឈានដល់ការបុកគ្នារវាងនាវាចម្បាំង របស់ប្រទេសទាំងពីរ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top