ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃនៅកាលីហ្វ័រនីញ៉ា បណ្តាលឲ្យស្លាប់ មនុស្សជាច្រើននាក់ និងបង្ខំឲ្យពលរដ្ឋជម្លៀសខ្លួនចេញ

សាន់ហ្វ្រាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ថា ក្រសួងព្រៃឈើ និងការពារអគ្គីភ័យ នៅរដ្ឋកាលីហ្វ័រនីញ៉ា បានឲ្យដឹងកាលពីថ្ងៃពុធថា អគ្គីភ័យ ដែលហៅថា The Zogg Fire បានកើតឡើងនៅកាលីហ្វ័រនីញ៉ាខាងជើង បណ្តាលឲ្យស្លាប់ចំនួន ៤នាក់ និងភ្លើងឆេះព្រៃដែលហៅថា The Glass Fire បានបង្ខំឲ្យធ្វើការជម្លៀសខ្លួន ចេញពីតំបន់ទំពាំងបាយជូ ។

ក្រសួងដដែលនេះបានឲ្យដឹង កាលពីព្រឹកថ្ងៃពុធថា អគ្គីភ័យ The Zogg Fire បានឆេះរាលគ្របដណ្តប់ លើផ្ទៃដីប្រមាណជិត ៥២.០០០អារ នៅក្នុងតំបន់ Shasta ដែលបានបណ្តាលឲ្យស្លាប់ មនុស្សអស់ចំនួន ៤នាក់ ។

ក្រសួងបានរាយការណ៍ថា អគ្គីភ័យ The Glass Fire បានឆេះគ្របដណ្តប់មកលើតំបន់ Sonoma និង Napa លើផ្ទៃដីប្រមាណ២.០០០អារ កាលពីយប់មិញ ។

អគ្គីភ័យនេះបានបង្ខំឲ្យ មានការជម្លៀសខ្លួនចេញ ទន្ទឹមនឹងនេះដែរ អគ្គីភ័យនៅតែបន្តឆេះរាលដាល ដែលមិនអាចទប់ស្កាត់ បាននៅឡើយទេ ។ នេះបើយោងតាមក្រសួងបានបញ្ជាក់ដូច្នេះ ។

ក្រសួងបានឲ្យដឹងថា សរុបមាន១១៥រចនាសម្ព័ន្ធ ក្នុងនោះរាប់ទាំង ផ្ទះចំនួន៨០ខ្នង និងអគារជាច្រើនស្តុកផ្លែទំពាំងបាយជូ ដែលបានរងការបំផ្លាញ និងដើមទំពាំងបាយជូជាង ២២.០០០ដើមរងការបំផ្លាញ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top